អន្តរជាតិ

USគិតខុសច្រឡំផ្តល់ជំនួយយោធាជាអាវុធឲ្យអ៊ុយក្រែន៣ពាន់លានដុល្លារ

ដោយ៖តុលា

មន្ទីរបញ្ចកោណចេញមុខទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើការគណនាខុសច្រឡំផ្តល់ជំនួយជាអាវុធលើសគោលការណ៍៣ពាន់លានដុល្លារដល់អ៊ុយក្រែន។

យោងតាមប្រភពស៊ីអិនអិន ក៏ដូចជារ៉យទ័រ ជំនួយការព្រឹទ្ធសភា និងមន្ត្រីការពារជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណតម្លៃគ្រាប់រំសេវ កាំជ្រួច និងឧបករណ៍ផ្សេងទៀត ដែលខ្លួនបញ្ជូនលើសទៅកាន់ប្រទេសអ៊ុយក្រែន មានប្រមាណជា ៣ពាន់លានដុល្លារអាម៉េរិក។

មន្រ្តីទាំងនេះនិយាយថា កំហុសនេះគឺជាលទ្ធផលនៃការកំណត់តម្លៃខ្ពស់ជាងការធានាលើអាវុធ ដែលត្រូវបានយកចេញពីស្តុករបស់សហរដ្ឋអាម៉េរិក ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ហើយសភាកំពុងត្រូវបានជូនដំណឹងអំពីការកែតម្រូវគណនេយ្យឡើងវិញនៅថ្ងៃព្រហស្បតិ៍។

យ៉ាងណាគេនៅមិនច្បាស់ថាតើវាពិតជាលើសស្មើនឹង ៣ពាន់លានឬយ៉ាងណា ខណៈមន្រ្តីការពារខាងលើបានបន្តថា វាអាចទៅរួចដែលបរិមាណអាវុធដែលមានតម្លៃលើសកំណត់អាចកើនឡើងលើសពី ៣ ពាន់លានដុល្លារ បើមន្ទីរបញ្ចកោណពិនិត្យស្ថានការណ៍ឱ្យបានហ្មត់ចត់ជាងនេះ។

ចាប់តាំងពីខែសីហាឆ្នាំ២០២១មក សហរដ្ឋអាម៉េរិកបានបញ្ជូនអាវុធដែលមានតម្លៃប្រហែល ២១.១ ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែនពីឃ្លាំងស្តុករបស់ខ្លួន។ សហរដ្ឋអាម៉េរិកបានបញ្ជូនឧបករណ៍ជាច្រើនប្រភេទទៅកាន់ប្រទេសអ៊ុយក្រែនក្នុងកញ្ចប់ប្រធានាធិបតីចំនួន ៣៧ រួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) អាវុធបាញ់រថក្រោះ Javelin និងប្រព័ន្ធមីស៊ីលពីដីទៅអាកាស Patriot ៕

ប្រភព៖ CNN