សន្ដិសុខសង្គម

ឥទ្ធិពលគ្រឿងញៀនធ្វើឱ្យបុរសម្នាក់អាករសម្លាប់ខ្លួនឯងគួរឱ្យរន្ធត់

ដោយ៖វិចិត្រ

កណ្តាល៖ឥទ្ធិពលគ្រឿងញៀនបណ្តាលឱ្យបុរសម្នាក់ដាច់ចិត្តយកកាំបិតចុងស្រួចអារក បញ្ចប់ជីវិតខ្លួនឯងគួរឱ្យរន្ធត់បំផុត។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីធ្វើអត្តឃាតនេះ បានកើតឡើងក្នុងឃ្លាំងស្រាបៀរអង្គរ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ២០២៣។បុរសអារកសម្លាប់ខ្លួនឯងនេះឈ្មោះ ស៊ា សុជាតិ អាយុ៣១ឆ្នាំ កន្លែងកំណើតនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ។

មុនកើតហេតុ រសៀលថ្ងៃទី១៨ ខែឧសភា ពួកគេមានគ្នា៧នាក់ បានទិញស្រាបៀរ១កេសមកផឹក។ក្រោយផឹកអស់២កំប៉ុង បុរសរូបនេះបានដើរទៅដេកអង្រឹងក្នុងរោងយាមរហូតដល់កណ្តាលយប់ពួកគេក៏បែកផ្លូវគ្នា។ក្រោយមកគេឃើញជនអត្តឃាតស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ហើយកម្លាំងជំនាញបានចុះពិនិត្យ។បន្ទាប់ពីធ្វើកោសល្យវិច័យ សាកសពមានស្នាមដាច់កំពង់ ក និងមានស្នាមអារនៅកដៃខាងឆ្វេង៣កន្លែង។ជាមួយនោះទឹកនោមមានសារធាតុញៀន ដោយគ្រូពេទ្យបានសន្និដ្ឋានថា ជនអត្តឃាតអារកសម្លាប់ខ្លួនក្រោមឥទ្ធិពលគ្រឿងញៀន៕