ព័ត៌មានជាតិ

អ្នករស់នៅតំបន់តាលះសែនជ័យ២៩៥ គ្រួសារសុំសម្តេចកាត់ដីឲ្យពួកគាត់

ដោយ៖រតនា

ព្រះសីហនុ៖ប្រជាពលរដ្ឋចំនួន ២៩៥ គ្រួសារ រស់នៅតំបន់តាលៈ ក្នុងភូមិស្មាច់ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្នើសុំដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២របស់ក្រសួងកសិកម្មឲ្យពួកគាត់។

តំណាងប្រជាពលររដ្ឋបានបញ្ជាក់ថា ដោយយោងតាមសេចក្តីជូនដំណឹងលេខ ២២០/២២ ចុះថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ របស់សាលាខេត្តព្រះសីហនុ ស្តីពីការប្រកាសកំណត់តំបន់វិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ) នៅភូមិស្មាច់ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ ។ តាមការជូនដំណឹង របស់គណៈកម្មាធិការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ ស្តីពីការបិទបញ្ចប់ដំណើរការវាស់វែង នៃការប្រមូលទិន្ន័យចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលើកចុងក្រោយ នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ ។

ដោយឡែកនៅតំបន់តាលៈ មានប្រជាពលរដ្ឋរស់នៅចំនួន ២៩៥ គ្រួសារស្ថិតនៅភូមិស្មាច់ដែង ឃុំរាមដដែលពុំទាន់បានទទួលការវាស់វែងដីធ្លីក្នុងការទទួលបានសិទ្ធិកាន់កាប់ដីធ្លី ដើម្បីអាស្រ័យផលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅឡើយ ដោយហេតុថា ដីតំបន់នេះបានស្ថិតនៅគម្រោងគម្របព្រៃឈើឆ្នាំ ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

អាស្រ័យហេតុនេះសូមសម្តេច និងឯកឧត្តមអភិបាលខេត្ត ព្រះសីហនុមេត្តាពិនិត្យ និងជួយសម្រួលដើម្បីកាត់ឆ្វៀលដីចេញពីគម្រោងគម្របព្រៃឈើឆ្នាំ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការវាស់វែងនិងទទួលបានសិទ្ធិកាន់កាប់ដីក្នុងសហគមន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកគឹម ចាន់មេឃុំរាមបានប្រាប់បណ្ដាញសារព័ត៌មានថា ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋប្រមាណជាង 200 គ្រួសារនេះលោកបានចារឯកភាពបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលស្រុកព្រៃនប់ហើយ ប៉ុន្តែលោកពុំទាន់ដឹងថារដ្ឋបាលស្រុកបានបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលខេត្តនិងរាជរដ្ឋាភិបាលហើយឬនៅនោះទេ។

ប៉ុន្តែបើពិនិត្យទៅលើស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ រដ្ឋបាលឃុំសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋពិតជាបានរស់នៅអាស្រ័យផលជាក់ស្ដែងពិតប្រាកដមែន។ ជាក់ស្តែងមានដំណាំចំការជាច្រើនប្រភេទ។មិនត្រឹមតែប៉ុណ្ណោះតំបន់នោះក៏មានវត្តអារ៉ាមនិងសាលាបង្រៀនបែបស្ម័គ្រចិត្តផងដែរ៕