អន្តរជាតិ

អាម៉េរិកផ្តល់សញ្ញាអាចនឹងបញ្ជូនយន្តហោះចម្បាំង F-16ដល់អ៊ុយក្រែន

ដោយ៖តុលា

សហរដ្ឋអាម៉េរិកបានផ្តល់សញ្ញាភាគរយខ្ពស់អាចនឹងបញ្ជូនយន្តហោះចម្បាំង F-16ដល់អ៊ុយក្រែន ចំពេលមានការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាន់តែខ្លាំង។

តាមប្រភពដែលដឹងពីការពិភាក្សានេះបានបន្តប្រាប់ស៊ីអិនអិនថា សេតវិមានកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភា និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការសម្រេចចិត្តចង់ឲ្យបញ្ជូនយន្តហោះចម្បាំងស៊េរី F-16 នេះទៅអ៊ុយក្រែន។ សម្ព័ន្ធមិត្តជាច្រើនបានសំដែងការគាំទ្រដល់អ៊ុយក្រែនយល់ព្រមសម្រាប់ការបញ្ជូននូវគ្រឿងប្រយុទ្ធអាកាសដ៏សែនទំនើបនេះ ក៏ប៉ុន្តែពួកគេត្រូវបានការយល់ព្រមបើកភ្លើងខៀវពីអាម៉េរិកដែលជាម្ចាស់ផលិតកម្មជាមុនសិន។

តាមមន្រ្តីដែលមិនបញ្ចេញឈ្មោះដដែលនេះ បានប្រាប់ទៅស៊ីអិនអិន អាម៉េរិកអាចនឹងបញ្ជូនវា តែអាម៉េរិកនឹងបញ្ជូនតាមភាគីទី៣ ដោយសារតែភាពរសើបនៃបច្ចេកវិទ្យាយន្តហោះនេះ។ មានន័យថា អាម៉េរិកកំពុងប្រយ័ត្នប្រយែងខ្លាចបែកធ្លាយបច្ចេកវិទ្យារបស់ខ្លួន។

ព័ត៌មានលម្អិតយើងនឹងរង់ចាំមើលបន្តិចទៀត ខណៈដែលក្រសួងការបរទេសដែល ធម្មតាទទួលបន្ទុកនេះ  មិនបានផ្តល់តម្រុយឲ្យដឹងទេ ហើយអ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ៕

ប្រភព៖ CNN