អន្តរជាតិ

ហ្សេឡិនស្គីនឹងធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុម G-7

ដោយ៖តុលា

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ត្រូវបានគេរាយការណ៍ដោយសម្ងាត់មកថា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រជុំជាមួយក្រុម G-7ដោយផ្ទាល់នៅថ្ងៃអាទិត្យ។

នេះបើយោងទៅតាមប្រភពកាសែត Financial Times ដែលបានរាយការណ៍មុនគេបង្អស់នៅថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ដំបូងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Zelensky គ្រោងនឹងចូលរួមប្រជុំបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូអនឡាញប៉ុណ្ណោះនៅថ្ងៃអាទិត្យ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនឥឡូវនេះគ្រោងនឹងមកទីក្រុងហ៊ីរ៉ូស៊ីម៉ាផ្ទាល់តែម្តងសម្រាប់កិច្ចប្រជុំកំពូល។

Zelenskiy នឹងជិះយន្តហោះយោធាអាម៉េរិកទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការឈប់សម្រាកនៅប្រទេសអារ៉ាប៊ីសាអូឌីតចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់។ យ៉ាងណា ចំពោះដំណឹងច្បាស់ការជាងនេះ គេនៅមិនទាន់អាចបញ្ជាក់បានថាលោកហ្សេឡិនស្គីនឹងចូលរួមថ្ងៃណាឲ្យច្បាស់នោះទេ។

មន្ត្រីដែលដឹងពីបញ្ហានេះបានប្រាប់ប្រភពដដែលថា កិច្ចប្រជុំក្រុមប្រទេសទាំងប្រាំពីរនៅជប៉ុន នឹងការដាក់កម្រិតរុស្ស៊ីយ៉ាងធំធេងបន្ថែមទៀត ដាក់ទណ្ឌកម្មនូវប្រភេទទំនិញសំខាន់ៗដែលរុស្ស៊ីនាំទៅកាន់សមរភូមិ ហើយថែមទាំងកាត់ផ្តាច់អង្គភាពប្រហែល ៧០ ពីប្រទេសរុស្ស៊ី។

កញ្ចប់ថ្មីនេះក៏នឹងរួមបញ្ចូលផងដែរនូវទណ្ឌកម្មថ្មី ៣០០ ប្រឆាំងនឹងបុគ្គល អង្គភាព នាវា និងយន្តហោះរុស្ស៊ី៕

ប្រភព៖ Bloomberg