សន្ដិសុខសង្គម

រថយន្តទំនើបមួយគ្រឿងកំពុងតែបើកបរ លើផ្លូវល្បឿនលឿនក៏ស្រាប់តែឆេះ

កំពង់ស្ពឺ៖រថយន្តទំនើបមួយគ្រឿងកំពុងតែបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទៅដល់ក្នុងទឹកដីភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ស្រាប់តែផ្ទុះឆេះចេញជាអណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា រថយន្តដែលឆេះនោះម៉ាកអូឌីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ-8878។ វាបានឆេះនៅត្រង់គីឡូម៉ែត្រលេខ៥១ កាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

អ្នកបើកបរឈ្មោះដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់សមត្ថកិច្ចថា៖ គាត់បានធ្វើដំណើរពីទិសភ្នំពេញទៅក្រុងព្រះសីហនុ។នៅពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តរបស់គាត់ក៏ឆាបឆេះតែម្តងដោយមិនទាន់ដឹងពីមូលហេតុ។

ប៉ុន្តបើទោះជាយ៉ាងណាក៏ដោយ ករណីឆេះរថយន្តទំនើបនៅលើផ្លូវល្បឿនលឿននេះគឺគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។ ក្រៅពីនោះគឺមិនមានមនុស្សណាម្នាក់រងរបួសទេ ហើយរថយន្តដែលឆេះត្រូវបានគេស្ទូចចេញពីកន្លែងកើតហេតុ៕