អន្តរជាតិ

មានការព្រមានថាអាចនឹងមានរលកយក្សស៊ូណាមិកើតឡើង

ដោយ៖តុលា

ការព្រមានពីរលកយក្សស៊ូណាមិបានប្រកាសឡើង ខណៈដែលរញ្ជួយដីក្រោមបាតទឹកកោះប៉ាស៊ីហ្វិកខាងត្បូងរង្គើក្នុងកម្រិត ៧.៧រិចឆ្ទ័រនៅថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ទីភ្នាក់ងារឃ្លាំមើលគ្រោះអាសន្នបាននិយាយថា ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានបកើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចឆ្ទ័រ ដែលបានវាយប្រហារនៅខាងក្រោមមហាសមុទ្រប៉ាស៊ីហ្វិកភាគអាគ្នេយ៍នៃតំបន់កោះបារាំង New Caledonia ។ សេវាភូគព្ភសាស្ត្រអាម៉េរិកបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេរកឃើញនៅជម្រៅ ៣៧ គីឡូម៉ែត្រ ហើយបណ្តាប្រទេសនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកបានចេញការជូនដំណឹងសម្រាប់ការគំរាមកំហែងនៃរលកយក្សស៊ូណាមិ។

មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា “ផ្អែកលើការវាស់កម្រិតការរញ្ជួយដីបឋម រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់ អាចកើតឡើងនៅឆ្នេរសមុទ្រក្នុងចម្ងាយ ១០០០ គីឡូម៉ែត្រ នៃចំណុចកណ្តាលនៃការរញ្ជួយដី”។

រលកយក្សកម្ពស់រហូតដល់ ៣ ម៉ែត្រ អាចវាយប្រហារប្រទេសវ៉ានូអាទូរដ្ឋកោះនៅសមុទ្រអូសេអានី ដោយជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរដែលរងការគំរាមកំហែងឱ្យមានការប្រុងប្រយ័ត្នឲ្យមែនទែន។ ក្រៅពីនេះ រលកតូចៗក៏អាចនឹងកើតមានលើប្រទេសហ្វីជី ញូកាលីដូនៀ គីរីបាទី និងនូវែលសេឡង់៕

ប្រភព៖ ALJAZEERA