អន្តរជាតិ

តើរុស្ស៊ីអាចទប់ជាប់ទេចំពោះការវាយបករបស់អ៊ុយក្រែននៅសមរភូមិBakhmut?

ដោយ៖តុលា

អ៊ុយក្រែនបាននិយាយថា មានការប្រយុទ្ធគ្នាខ្លាំងណាស់នៅ Bakhmut ហើយរុស្ស៊ីបានបញ្ចេញទ័ពបម្រុងបន្ថែមនៅតំបន់នេះ។

អ៊ុយក្រែនរាយការណ៍ថា ការប្រយុទ្ធគ្នាកំពុងបន្តឡើងយ៉ាងក្តៅគគុកនៅសមរភូមិតំបន់បាក់មុត( Bakhmut ) ខណៈដែលទ័ពរុស្ស៊ីហាក់ដូចជាខិតខំពង្រឹងកម្លាំងយ៉ាងខ្លាំង។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hanna Maliar បាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់នាងកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ ខែឧសភា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ការប្រយុទ្ធដ៏ខ្លាំងក្លានៃទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែននៅតែបន្ត។ “ខ្មាំងបានវាយលុកស្រុកបាក់មុតពេញមួយថ្ងៃនេះ”។

នាងបាននិយាយថា ជនជាតិរុស្ស៊ីបាន “ចាប់ផ្តើមពង្រឹងទីតាំងឈរជើងយ៉ាងសំខាន់របស់កងកម្លាំងពួកគេនៅក្នុងតំបន់ និងបានដាក់នូវកងទ័ពបម្រុងបន្ថែម។ នាងបាននិយាយថា “សត្រូវបានបន្តការវាយលុក ហើយព្យាយាមដណ្តើមយកទឹកដីដែលបាត់បង់មកវិញ ប៉ុន្តែបានរងការខាតបង់ និងមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ” នាងបន្ថែមថា កងទ័ពអ៊ុយក្រែនអាចឈានទៅមុខបានប្រហែលកន្លះម៉ាយ។ ហើយ “សម្រាប់ពេលនេះ យើងកំពុងប្រញាប់បន្ថែមល្បឿន ធ្វើយ៉ាងណាឲ្យឆាប់បានបើកការវាយរំដោះទ្រង់ទ្រាយធំ សម្រាប់សកម្មភាពដែលបានគ្រោងទុកជាក់លាក់”។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងពីកាលបរិចេ្ឆទច្បាស់លាស់ដ៏សម្ងាត់របស់អ៊ុយក្រែននៅឡើយទេក្នុងការវាយរំដោះទឹកដីពីរុស្ស៊ីមកវិញនោះ៕

ប្រភព៖ CNBC