ព័ត៌មានជាតិ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល១០ថ្ងៃ

មន្ត្រីនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថាសារមន្ទីរនេះ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ដែលមានរយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈនិងវត្ថុមួយចំនួនផ្សេងទៀត។

វត្ថុបុរាណទាំងឡាយ ដែលសារមន្ទីរបានជ្រើសរើស យកមកដាក់តាំងពិពរណ៍បង្ហាញសាធារណជននោះ គឺសុទ្ធតែជាវត្ថុប្រវត្តិសាស្ត្រ ដែលគេទើបតែរកឃើញពីការធ្វើកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍សម័យបុរាណ នៅតំបន់ភ្នំគូលែនផងដែរ។

វត្ថុបុរាណ ដែលនឹងត្រៀមដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ ចែកជា៣ប្រភេទ គឺមានដូចជាវត្ថុដែលធ្វើពីដីឥដ្ឋ វត្ថុធ្វើពីលោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែក សំណរ។ជាមួយគ្នានេះដែរ វត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។

មន្ត្រីនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ការតាំងពិព័រណ៍វត្ថុបុរាណជាច្រើនសម្រាប់សាធារណជនបានទស្សនានេះ  នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា នៅក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ សាធារណជនក៏អាចស្វែងយល់បន្ថែមពីការងារថែទាំ និងការងារជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។

ការតាំងបង្ហាញវត្ថុបុរាណជាច្រើនប្រភេទ ដែលទើបបានរកឃើញថ្មីៗនេះ គឺក្នុងបំណងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា ហើយពេញមួយថ្ងៃទី១៨ ភ្ញៀវទេសចរជាតិ អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕