ព័ត៌មានជាតិ

ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ស្រួង ភាវី ចូលរួមផ្តល់អាហារដល់កុមារពិការ

ដោយ៖ប្រសិទ្ធ

ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមភ្លាម ម្ចាស់មេដាយមាស គឺកីឡាការិនី ស្រួង ភាវី បានចូលរួមផ្តល់អាហារថ្ងៃត្រង់និងឧបត្ថម្ភថវិកាមួយចំនួនដល់កុមារពិការភាពចំនួន១០០នាក់នៅអង្គការមូលនិធីកុមារពិការដែលហៅកាត់ថា( KPF)។

កម្មវិធីមនុស្សធម៌នេះ គឺបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបខេស៊ី(KC) ជាន់ទី៣ ជិតវត្តតាំងកសាង ក្នុងរាជធានីភ្នំពេញ។ក្នុងនោះក៏មានការចូលរួមសហការពីសំណាក់អង្គការសមាគមសប្បុរសធម៌របស់កីឡាការិនី ស្រួង ភាវីផ្ទាល់, ម្ចាស់ផ្សារ (KC) និងស្ថាបនិកវីមូក្លិប(VMove Club)ផងដែរ។

កីឡាការិនីស្រួង ភាវី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCambodia Flash Newsនៅក្នុងពិធីចុះធ្វើសកម្មភាពមនុស្សនោះថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ដោយបានចូលរួមចំណែកជួយដល់កុមារពិការនាពេលនេះ»។ ជាមួយនោះក៍សូមអំពាវនាវដល់សប្បុរសជនផ្សេងៗទៀតដែលមានបំណងចង់ជួយលើការងារមនុស្សធម៌នេះគឺអាចចូលរួមជាមួយនាងបាន។

ស្រួង ភាវី ក៏បានឲ្យដឹងផងដែរថា កាលពីពេលមុន នាងក៏ធ្លាប់បានចូលរួមក្នុងការងារសង្គមពោលគឺជួយកុមារជាច្រើននៅតំបន់ផ្សេងៗគ្នាដែលជួបការខ្វះខាត។ រីឯពេលខាងមុខ នាងក៏នៅតែមានឆន្ទៈក្នុងការបន្តធ្វើការងារមនុស្សធម៌នេះទៀត៕