សន្ដិសុខសង្គម

គ្រាន់តែទាស់គ្នាពេលផឹកស៊ីប្អូនយកកាំបិតចាក់បងប្រុសចំបំពង់កបណ្តាលឲ្យស្លាប់

ដោយ៖សុខុម

មណ្ឌលគិរី៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីចាក់បងប្រុសបង្កើតខ្លួនឯងបណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នៅផ្ទះចាំចំការក្រោយ អង់តែន០១២ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះជា សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សីសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ចំណែក ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតជាមួយគ្នាបច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុហើយត្រូវជាប្អូនបង្កើត។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះគឺផ្តើមចេញពីផឹកស៊ីមានទំនាស់ពាក្យសម្តី។ខណៈពេលកំពុងប្រកែកគ្នាជនសង្ស័យដែលជាប្អូនប្រុស បានយកកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង២សង់ទិម៉ែត្របណ្តោយ៤,៥សង់ទិម៉ែត្រជម្រៅ៧,៥សង់ទិម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យហើយនៅថ្ងៃទី១៨ឧសភា នេះមន្រ្តីផ្នែកជំនាញស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕