អន្តរជាតិ

អាហ្រ្វិកខាងត្បូងថារុស្ស៊ី និងអ៊ុយក្រែនយល់ព្រមជួបខ្លួនសម្រាប់ផែនការសន្តិភាពដ៏មានសក្តានុពល

មេដឹកនាំប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមជួបជាមួយខ្លួន​សម្រាប់​ផែនការសន្តិភាពដ៏មានសក្តានុពល។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃអង្គារទី ១៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីនៅទីក្រុង Cape Townថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានយល់ព្រមជួបជាមួយគណៈប្រតិភូនៃមេដឹកនាំអាហ្រ្វិក​សម្រាប់ការពិភាក្សាអំពីផែនការសន្តិភាពដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដ។ លោក Putin និង Zelenskyy បានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការទទួលបេសកកម្មរបស់ប្រមុខរដ្ឋអាហ្វ្រិកទាំងនៅទីក្រុងមូស្គូ និងទីក្រុង Kyiv។ នេះក៏នឹងរួមបញ្ចូលមេដឹកនាំនៃប្រទេស Zambia សេណេហ្គាល់ កុងហ្គោ អ៊ូហ្គង់ដា អេហ្ស៊ីប និងអាហ្វ្រិកខាងត្បូងផ្ទាល់។

លោក​បាន​បន្ថែម​ថា​៖ “តែយ៉ាងណាតើ​វា​នឹង​ជោគជ័យ​ឬ​អត់ ​វា​អាស្រ័យ​លើ​ការ​ពិភាក្សា​ដែល​នឹង​ធ្វើ​ឡើង​ជាក់ស្តែង”​។ ប្រទេសអាហ្រ្វិកខាងត្បូងបានទទួលរងការរិះគន់ចំពោះការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួនចំពោះអព្យាក្រឹតភាពលើសង្គ្រាមនៅអ៊ុយក្រែន ដោយបានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov យ៉ាងពេញមុខក្នុងខែមករា មិនប្រកាន់ទិន្នាការលោកខាងលិច និងបានធ្វើប្រតិបត្តិការយោធារួមគ្នាជាមួយរុស្ស៊ី និងចិនក្នុងខែកុម្ភៈផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា