សន្ដិសុខសង្គម

ស្រ្តី២នាក់បានបង្កអំពើហិង្សាវាយតប់គ្នាបណ្ដាលឱ្យស្លាប់ម្នាក់

​ភ្នំពេញ​៖ស្រ្តី២នាក់បង្កអំពើហិង្សាដាក់គ្នា បណ្ដាលឱ្យស្ត្រីភាគីម្ខាងបានស្លាប់។ហេតុការណ៍នេះបានកើតឡើង​នៅត្រង់ដីឡូតិ៍មួយក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ខែឧសភា។

​សមត្ថកិច្ចបានឱ្យដឹងថា​ ស្ត្រីសង្ស័យឈ្មោះ ឈឹម ថាវី អាយុ៥៣ឆ្នាំ មានសតិមិនប្រក្រតី ស្នាក់នៅខ្ទមកន្លែងកើតហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ចំណែកស្ត្រីដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណអាយុប្រហែល៥០ឆ្នាំ។

ប្រភពដដែលបានបន្តថា មុនកើតហេតុ គេឃើញស្ត្រីទាំង២នាក់បណ្ដើរគ្នាតាមផ្លូវម្ដុំវត្តឫស្សីសាញ់ដើររើសអេតចាយ។ក្រោយមកស្ត្រីដៃដល់បានចាប់ទាញដៃវាយតប់ស្ត្រីរងគ្រោះរហូតដល់កន្លែងស្នាក់នៅ ហើយបន្តសកម្មភាពវាយទៅលើស្ត្រីរងគ្រោះឱ្យដួលលើដីរហូតដល់ស្លាប់តែម្តង។

វត្ថុតាងប្រមូលបានមានដូចជា៖ ដុំថ្ម៤ដុំ-ដំបងឫស្សី១ដើមប្រឡាក់ឈាម-ក្តារកំណល់១-ឆ្នាំងដែក២ប្រឡាក់ឈាម។

សមត្ថកិច្ចជំនាញបានពិនិត្យលើសាកសពឃើញមានស្នាមជាំដាច់រយះនៅថ្ងាសខាងស្តាំ-ស្នាមជាំហើមពោរទក់សាច់នៅក្បាលខាងក្រោយ-ជាំកោសឆ្កូតនៅដើមទ្រូងខាងស្តាំ-ជាំកោសឆ្កូតនៅកញ្ចឹងក-ជាំកោសឆ្កូតនៅស្មាខាងស្តាំនិងខ្នង។

តាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃសកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ