សេដ្ឋកិច្ច

សម្លៀកបំពាក់កីឡាលក់ដាច់យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ដោយ៖ប្រសិទ្ធ

គិតចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សម្លៀកបំពាក់កីឡាបានលក់ដាច់យ៉ាងច្រើនដែលមិនអាចនឹកស្មានដល់។

លោក ពេជ្រ សុវណ្ណ ដែលជាអ្នកគ្រប់គ្រងសម្ភារស៊ីហ្គេមសាខាមរតកតេជោបានឲ្យដឹងថា គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៦ ឧសភានេះ គ្រាន់តែនៅសាខាគាត់មួយដែលមានទីតាំងនៅមុខពហុកីឡដ្ឋានមរតកតេជោ លក់សម្លៀកបំពាក់កីឡាសម្រាប់មហាជនទិញពាក់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមបានដល់ទៅជាង១ម៉ឺនអាវឯណោះ។ ក្រៅពីសាខាមរតកតេជោ ក៏នៅមាន៣សាខាផ្សេងទៀតសម្រាប់លក់សម្លៀកបំពាក់កីឡានេះផងដែរ។

(លោក ពេជ្រ សុវណ្ណ  ជាអ្នកគ្រប់គ្រងសម្ភារស៊ីហ្គេមសាខាមរតកតេជោ)

លោកបានឲ្យដឹងថា ចំពោះប្រភេទអាវកីឡាដែលលក់ដាច់នោះ គឺមានដល់ទៅ២០ម៉ូត ក្នុងនោះមានអាវធំពាក់ពីខាងក្រៅ និងអាវយឺតដែលមានតម្លៃចាប់ពី១៩ដល់ទៅ២៩ដុល្លារ។ អតិថិជនដែលទិញអាវកីឡានោះគឺភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជននិងយុវនារី ហើយក៏មានជនបរទេសទិញច្រើនគួរសមដែរ។

អ្នកគ្រប់គ្រងបានឲ្យដឹងទៀតថា ចំពោះខោអាវកីឡាដែលសម្រាប់ទិញពាក់ទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ គឺនាំចូលផ្តាច់មុខដោយក្រុមហ៊ុនFBT sport។

លោកពេជ្រ សុវណ្ណ បានបញ្ជាក់ថា៖អ្នកខ្លះបានទិញយកទាំងកេសៗយកទៅចេកចាយបន្តដល់មិត្តភ័ក្តិ។ រីឯអ្នកខ្លះបានទិញពាក់ខ្លួនឯងសម្រាប់ចូលទស្សនាស៊ីហ្គេមនិងផ្ញើទៅឲ្យក្រុមគ្រួសារក៏មានដែរ។

សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងអស់នេះមានរចនាផ្លាកសញ្ញាFBTsport , ទង់ជាតិកម្ពុជា, រូបទន្សាយ,ផ្លាកសញ្ញាស៊ីហ្គេម២០២៣ , I love Cambodia 2023 និងផ្លាកសញ្ញាផ្សេងៗដ៏ទាក់ទាញជាច្រើនទៀត។

លោកបានឲ្យដឹងទៀ់តថា អាវស៊ីហ្គេមនេះគឺពិតជាមានការគាំទ្រខ្លាំងមែន។​ ជាក់ស្តែងពីថ្ងៃ៥ ខែឧសភា រហូតមកដល់នឹងថ្ងៃទី១៤ ឧសភា ចំពោះអាវកីឡាប្រភេទធំគឺគេទិញអស់ពីស្តុក។មកដល់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះនៅសាខារបស់លោកគឺមានលក់តែប្រភេទអាវយឺតប៉ុណ្ណោះ។

លោកក៏បានឲ្យដឹងទៀតដែរថា នៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នេះ សាខារបស់គាត់មិនមែនមានលក់ត្រឹមតែអាវកីឡានោះទេ។ គាត់ក៏មានលក់នូវវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ជាក់ស្តែងមានដូចជា៖ រូបតុក្កតាទន្សាយ, កែវទឹកមានរូបទន្សាយផ្លាកសញ្ញាស៊ីហ្គេម មួកដែលមានផ្លាកសញ្ញាកីឡា កាបូយួរដៃ និងសម្ភារសម្រាប់វត្ថុអនុស្សាវីយ៍ជាច្រើនទៀតផងដែរ៕