សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងសាកសួរស្ត្រីម្នាក់ចេញសែកអត់លុយ៥ម៉ឺនដុល្លារ

ដោយ៖វិចិត្រ

សៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប កំពុងសាកសួរស្ត្រីម្នាក់ ក្រោយពីបានឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែក ឬហៅមូលប្បទានបត្រអត់លុយចំនួន៥ម៉ឺនដុល្លារ។

ការឃាត់ខ្លួនធ្វើឡើងពេលកំពុងធ្វើដំណើរតាមផ្លូវក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ស្ត្រីសង្ស័យឈ្មោះ ញាណ សំបូរ អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ពាក់ព័ន្ធករណីចេញសែកអត់លុយចំនួន៥ម៉ឺនដុល្លារ ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

មន្ត្រីនគរបាលបានឱ្យដឹងថា អំឡុងឆ្នាំ២០២២ ស្ត្រីសង្ស័យ ឈ្មោះ ញាណ សំបូរ បានទំនាក់ទំនងជាវភេសជ្ជៈជាច្រើនពីក្រុមហ៊ុនរបស់ឈ្មោះ ថោង គយហេង អាយុ៤១ឆ្នាំ យកទៅលក់បន្ត សរុបជាទឹកប្រាក់ចំនួន៥០.០០០ដុល្លារ។បន្ទាប់មកជនសង្ស័យឈ្មោះ ញាណ សំបូរ បានចេញសែកមួយសន្លឹកលេខ ៦៥៧៨០៤ នៃធនាគារស្ថាបនា មានទឹកប្រាក់៥០.០០០ដុល្លារដោយកំណត់កាលបរិច្ឆេទថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យឈ្មោះ សេង សុគីម ជាប្រពន្ធឈ្មោះ ថោង គយហេង ទៅបើកយកប្រាក់នោះ។

ជនរងគ្រោះបានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ ប៉ុន្តែខាងបុគ្គលិកធនាគារបានបញ្ជាក់ថា សែកនេះគ្មានសាច់ប្រាក់ទេ។ក្រោយមកស្ត្រីសង្ស័យឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេះរហូតមកដល់ពេលឃាត់ខ្លួន។តាមចម្លើយស្ត្រីសង្ស័យបានសារភាពថា ខ្លួនបានចេញមូលប្បទានបត្រអត់លុយទៅជនរងគ្រោះពិតប្រាកដមែន៕