សន្ដិសុខសង្គម

យកមងពីខេត្តតាកែវទៅលក់នៅខេត្តក្រចេះយប់ឡើងស្លាប់នៅផ្ទះសំណាក់

ដោយ៖សុខុម

ក្រចេះ ៖ជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអអាថ៌កំបាំងនៅក្នុងបន្ទប់ផ្ទះសំណាក់ផែលើ ស្ថិតក្នុងភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ ។

សមត្ថកិច្ចដែលចុះស៊ើបអង្កេតដល់កន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះអេះ អារី អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាមមានទីលំនៅភូមិកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរីខេត្តតាកែវ។

ឈ្មោះម៉ាត់ ហ៊ីម ត្រូវជាបងថ្លៃជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែឧសភារូបគេនិងឈ្មោះអេះ អារី ដែលជាអ្នស្លាប់ បានទៅសម្រាកនៅផ្ទះសំណាក់ផែលើជាន់ទី០២ បន្ទប់លេខ២០៧ហើយអ្នកស្លាប់នៅបន្ទប់ក្បែរគ្នានោះដែរ។

ម៉ាត់ហ៊ីមបានបន្តថា លុះព្រឹកឡើងនៅថ្ងៃទី១៦  វេលាម៉ោង៦និង៣០នាទី ខ្លួនបានហៅ ឈ្មោះ អេះ អារី ទៅលក់មងដូចរាល់ដង តែមិនឮឆ្លើយ ក៏បានផ្អើលឆោឡោ រកសោចាក់ចូល ទើបប្រទះឃើញស្លាប់នៅលើគ្រែតែម្តង។

ភ្លាមៗនោះម្ចាស់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យរកអំពីមូលហេតុនៃការស្លាប់របស់បុរសខ្មែរអ៊ីស្លាមនេះ។

ក្រោយពិនិត្យសពសមត្ថកិច្ចនិងគ្រូពេទ្យញ្ជាក់ថាៈឈ្មោះ អេះ អារី  អាចស្លាប់ដោយសារខ្យល់គរគាំងបេះដូង ។  សមត្ថកិច្ចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ៕