អន្តរជាតិ

បន្ទាន់! ប្រព័ន្ធការពារដែនអាកាសអាម៉េរិក Patriot ត្រូវរុស្ស៊ីវាយប្រហារខូចខាតហើយ

ពិតជាមិនគួរឲ្យជឿ ប្រព័ន្ធការពារដែនអាកាសអាម៉េរិកដ៏សែនខ្លាំង ស្គាល់ថាជា Patriot នៅទីបំផុតត្រូវបានរុស្ស៊ី​ប្រើកាំជ្រួចល្បឿនលឿនជាងសំឡេងវាយប្រហារឲ្យខូចខាត។

នេះបើតាមមន្ត្រីសហរដ្ឋអាម៉េរិកពីរនាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី ១៦ ខែឧសភា។ ប្រព័ន្ធការពារកាំជ្រួច Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនធ្វើជាសំណាញ់មេឃចាប់គ្រាប់រុស្ស៊ី ទំនងជាបានរងការខូចខាតខ្លះៗពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ មន្រ្តីទាំងនេះបានសង្កត់ធ្ងន់ថា វាត្រូវបានរងការខូចខាត តែមិនមែនត្រូវបំផ្លាញទាំងស្រុងនោះទេ។ ការរាយការណ៍ពីការខូចខាតនេះ កើតឡើងក្រោយគ្នាបន្តិចបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បានប្រើកាំជ្រួច Kinzhal លឿនជាងសំឡេងកំណត់គោលដៅបំផ្លាញបានថ្មមីស៊ីល Patriot នៅក្នុងទីក្រុង Kyiv ។

ទោះបីជាយ៉ាងណាមន្ត្រីអាម៉េរិកម្នាក់ក្នុងចំណោមនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv កំពុងលៃលកគ្នាក្នុងការជួសជុលប្រព័ន្ធ Patriotនេះ ខណៈជាបឋមវាមិនត្រូវបានដកចេញពីអ៊ុយក្រែននោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby សុំមិនបញ្ជាក់ច្បាស់ការណ៍លើព័ត៌មានរសើបនេះ តែបានអះអាងថា ប្រសិនបើជាក់ស្តែង ប្រសិនបើមានការខូចខាតទៅលើប្រព័ន្ធ Patriot និងត្រូវការជួសជុលនៅអ៊ុយក្រែនមែន អាម៉េរិកនឹងមិនឈរឱបដៃមើលឡើយ អាម៉េរិកនឹងជួយក្នុងរឿងនេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា