អន្តរជាតិ

ចក្រភព​អង់គ្លេស និង​ហូឡង់​សន្យា​គាំទ្រ​ការបញ្ជូនយន្តហោះ​ចម្បាំង​ដល់អ៊ុយក្រែន

ចក្រភពអង់គ្លេស និងហូឡង់ បានរួមគ្នាប្រកាសជំហរសន្យាគាំទ្រការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak និងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte កាលពីថ្ងៃអង្គារទី ១៦ ខែឧសភាបានសន្យាថានឹងបង្កើត “សម្ព័ន្ធអន្តរជាតិ” មួយថ្មី ដើម្បីធ្វើយ៉ាងណាផ្តល់ការគាំទ្រផ្នែកយន្តហោះចម្បាំង សម្រាប់អ៊ុយក្រែន។ អ្នកនាំពាក្យរបស់ការិយាល័យ Downing Street របស់ Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាយករដ្ឋមន្រ្តីទាំងពីរ បានយល់ព្រមបែបនេះពិតមែន ពួកគេនឹងធ្វើការដើម្បីបង្កើតសម្ព័ន្ធអន្តរជាតិដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស ដោយគាំទ្រជាមួយនឹងអ្វីគ្រប់យ៉ាងរាប់ចាប់តាំងពីការបណ្តុះបណ្តាល រហូតដល់ការទិញយន្តហោះចម្បាំងF16”។

ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលក្នុងពេលជាមួយគ្នានោះក៏បានស្នើឱ្យបណ្តុះ បណ្តាលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនដែរ ប៉ុន្តែបានបដិសេធមិនបញ្ជូនយន្តហោះចម្បាំងឲ្យឡើយ។ ជាការថ្លែងអំណរគុណ ហ្សេឡិនស្គីពោលយ៉ាងខ្លីថា “អរគុណអ្នកទាំងអស់គ្នា”។ គួរសង្កេតថា នាពេលចុងក្រោយនេះ អ៊ុយក្រែនបានទទួលការគំាទ្រយ៉ាងពេញទំហឹងពីបណ្តាសម្ព័ន្ធមិត្តលោកខាងលិច។ អ៊ុយក្រែនទទួលបានជំនួយយោធាយ៉ាងក្រាស់ក្រែលគួរឲ្យកត់សម្គាល់ ពិសេសក្នុងដំណើរទស្សនកិច្ចរបស់ហ្សេឡិនស្គីមក អឺរ៉ុប សម្ព័ន្ធមិត្តជាច្រើនបាននាំគ្នាប្រកាសជំនួយជាហូរហែ ខណៈដែលជិត ៣ពាន់លានដុល្លារពីអាល្លឺម៉ង់បានប្រកាសមុនគេ រួមមាននូវរថក្រោះ រថពាសដែក និងគ្រឿងប្រយុទ្ធសំខាន់ៗគួរឲ្យកត់សម្គាល់៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា