អន្តរជាតិ

អ៊ុយក្រែន ៖ ទាហានរុស្ស៊ីជាង ១៥០០០០ នាក់នៅភាគខាងត្បូងអ៊ុយក្រែន ត្រៀមខ្លួនទប់ទល់ប្រតិបត្តិការរំដោះ

ក្រសួងស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានអះអាងថា ទាហានរុស្ស៊ីជាង ១៥០.០០០នាក់នៅភាគខាងត្បូង​អ៊ុយក្រែន បានកំពុងត្រៀមខ្លួនទប់នឹងប្រតិបត្តិការរំដោះអ៊ុយក្រែននាពេលខាងមុខ។

Andrii Cherniak អ្នក​នាំពាក្យ​សម្រាប់​ក្រសួងស៊ើបការណ៍​ការពារ​ជាតិ​អ៊ុយក្រែន បានជម្រាបជូនយ៉ាងដូច្នេះ​ក្នុង​ការ​អត្ថាធិប្បាយ​ជាមួយប្រភព RBC-Ukraineថា កងទ័ពរុស្ស៊ីពិតជាកំពុងរៀបចំការពារ ពង្រឹងបន្ទាយការពារដែលមានស្រាប់ និងសាងសង់ថ្មីយ៉ាងប្រាកដមែន ពីព្រោះពួកគេដឹងថា ពួកគេមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តការវាយលុកចូល​អ៊ុយក្រែននោះទេ។ លោក​បាន​បន្ថែម​ថា គោលដៅ​សំខាន់​របស់​កងកម្លាំង​កាន់កាប់​រុស្ស៊ី ​គឺ​មិនមែនវាយរុលចូលអ៊ុយក្រែនដូចពេលមុនទេ តែគឺដើម្បីតែរក្សាទីតាំងឈរជើងរបស់ពួកគេប៉ុណ្ណោះ។ កងទ័ពរុស្ស៊ីប្រហែល ១៥២.០០០ នាក់បច្ចុប្បន្នកំពុងឈរជើងនៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ននៅភាគខាងត្បូងអ៊ុយក្រែននៅតំបន់ Zaporizhzhia និងតំបន់ Kherson ដោយត្រៀមការពារទីតាំងរបស់ពួកគេប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែនដែល​រំពឹងទុកឆាប់ៗនេះហើយ។​​

លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាតិរុស្ស៊ីកំពុងចលាចល និងភិតភ័យ ហើយបានកំពុងរៀបចំ “ការជម្លៀស” ជាបន្ទបន្ទាប់ពីទឹកដីដែលកាន់កាប់នៅភាគខាងត្បូងអ៊ុយក្រែន។ ពួកគេ​ក៏​កំពុង​និរទេស​អ្នក​គាំទ្រ​អ៊ុយក្រែន​ដោយ​បង្ខំ ដោយសារ​ពួកគេ​បារម្ភ​ថា​ចលនា​បក្ខពួក​អាច​នឹង​កើតឡើង។ ជុំវិញការអះអាងថារុស្ស៊ីជម្លៀសខ្លួនពីតំបន់ភាគខាងត្បូង​អ៊ុយក្រែន មានប្រភពឯករាជ្យអឺរ៉ុបមួយចំនួនក៏បានគាំទ្រដូចគ្នានេះដែរ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា