អន្តរជាតិ

រុស្ស៊ីសម្រេចលក់រោងចក្រផលិតរថយន្ត Volkswagen ទៅឱ្យឈ្មួញក្នុងស្រុក

រុស្ស៊ីនៅទីបំផុតសម្រេចលក់រោងចក្រផលិតរថយន្ត Volkswagen ទៅឱ្យឈ្មួញក្នុងស្រុក ក្រោយផ្អាកខ្សែចង្វាក់ផ្គត់ផ្គង់ ឈប់ផលិតពេលមានការដាក់ទណ្ឌកម្មពីលោកខាងលិច។

គណៈកម្មការរដ្ឋាភិបាលរុស្ស៊ី បានអនុម័តការលក់រោងចក្រដ៏សំខាន់នៃក្រុមហ៊ុន Volkswagen ក្នុងប្រទេសរុស្ស៊ីនេះ ទៅឱ្យក្រុមហ៊ុនលក់រថយន្តក្នុងស្រុកវិញ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មលោក Denis Manturov ប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ។ រោងចក្រនេះមានទីតាំងស្ថិតនៅតំបន់ Kaluga ភាគខាងត្បូងនៃទីក្រុងមូស្គូ ខណៈនឹងត្រូវលក់ទៅឱ្យក្រុមហ៊ុនចែកចាយ Avilon ដែលពីមុនជាអ្នកចែកចាយផ្លូវការសម្រាប់រថយន្ត Volkswagen ក្នុងប្រទេសរុស្ស៊ី។ TASS បានដកស្រង់សម្តីលោក Manturov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ឯកសារសម្រាប់កិច្ចព្រមព្រៀងនេះកំពុងត្រូវបានបញ្ចប់ហើយ។ គួរដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ បានបញ្ឈប់ការផលិត និងការនាំចូលម៉ាក Volkswagen ទាំងអស់ រួមទាំង Audi, Porsche និង Skoda ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen នៅតែមានទ្រព្យសម្បត្តិនៅក្នុងប្រទេសរុស្ស៊ី ដូចជារោងចក្រនៅ Kaluga ខាងលើនេះ។ ក្រុមហ៊ុន Volkswagen អាល្លឺម៉ង់បានផ្អាកការផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ីភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយត្រូវបានប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម កាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន CNBC រុស្ស៊ីត្រូវបានលោកខាងលិចសម្រុកដាក់ទណ្ឌកម្មប៉ះពាល់ ចំណូលគួរឲ្យកត់សម្គាល់។ ការហាមប្រាមរបស់សហភាពអឺរ៉ុបលើការនាំចូលប្រេងឆៅពីសមុទ្ររុស្ស៊ី និងការកំណត់តម្លៃរបស់ប្រទេស G7 បានធ្វើឱ្យរុស្ស៊ីខាតបង់ប្រមាណ ១៧១.៨ លានដុល្លារក្នុងមួយថ្ងៃ។ វិធានការរបស់លោកខាងលិចបានរួមចំណែកយ៉ាងសំខាន់ដល់ការថយចុះ ១៧% នៃប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេង និងឧស្ម័នក្នុងខែធ្នូ ឆ្នាំ២០២២៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា