ព័ត៌មានជាតិ

មន្រ្តីជលផលលែងត្រីមេពូជធំៗចូលទៅក្នុងអន្លង់អភិរក្សទឹកធម្មជាតិ

ដោយ៖សុខុម

មន្រ្តីជាន់ខ្ពស់ខណ្ឌរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយស្ថាប័នក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៣បានចុះលែងត្រីមេពូជធំៗចំនួន២ ប្រភេទ ទៅក្នុងអន្លង់អភិរក្សឃុំកោះព្រះ ស្រុកសៀមបូកដើម្បីឱ្យវាបន្តពូជសម្បូរឡើងវិញ។

នៅក្នុងចំណោម ត្រីមេពូជពីរប្រភេទនោះ គឺមានត្រីគល់រាំងដែលតំណាងឱ្យជាតិយើងផងដែរ។ តាមការប្រកាសពីមន្រ្តីជំនាញបានឱ្យដឹងថា ពិធីលែងត្រីចំនួន២ប្រភេទ ទៅក្នុងទឹកទន្លេមេគង្គរួមមាន ត្រីគល់រាំងធំចំនួន០៤ក្បាល៦៨គីឡូក្រាម,ត្រីគល់រាំងទម្ងន់ពី១គីឡូកន្លះទៅ៣គីឡូក្រាមចំនួន 26ក្បាល, ត្រីប្រាទម្ងន់ពី២គីឡូទៅ៣គីឡូកន្លះមាន 70ក្បាល។សរុបទាំងអស់ត្រីចំនួន១០០ក្បាល។

ពិធីនោះគឺរៀបចំឡើងដោយ គម្រោងអច្ឆរិយភាពនិង រដ្ឋ បាលជលផលថ្នាក់ជាតិ  សហការជាមួយ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត។

ជាមួយនោះ មន្រ្តីជំនាញក៏បានពន្យល់ ដល់ប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទឱ្យពួកគាត់ បង្កើនការយកចិត្ត ទុកដាក់ចូលរួមអភិរក្សធនធានមច្ឆជាតិរបស់យើងនៅក្នុងដងទន្លេមេគង្គឱ្យបានគង់វង្ស។

លោក ស្រី សមវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា នៅក្នុងតំបន់អភិរក្សធនធានមច្ឆជាតិនេះ ខណ្ឌរដ្ឋបាលជលផល បានរៀបចំឱ្យមានឆ្មាំនិងប្រជាសហគមន៍នេសាទ ប្រចាំការការពារ ដោយយកចិត្តទុកដាក់ខ្ពស់ត្រៀមបង្ក្រាបបទល្មើសនេសាទគ្រប់ពេលវេលា។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាកន្លែងការពារសត្វផ្សោត និងត្រីមេពូជដ៏សំខាន់ផង។

លោកស្រី ជា សីលា អ្នកគ្រប់ គ្រងនិងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានទទួលស្គាល់ថា កិច្ចសហការលែងត្រីមេពូជ ជិតផុតពូជ  ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះ យើងបានភ្ជាប់ឧបករណ៍តាមដានដាក់ លើខ្លួនត្រីទៅជាមួយ  ដើម្បីតាម ដានមើលការបន្លាស់ទី និងការវិវត្តន៍របស់វារួចជាស្រេច។យើងអាចដឹងពីការបន្តពូជ ពងកូន ទៅតំបន់ណាខ្លះបាន។ប្រជានេសាទក្នុងមូលដ្ឋានផ្ទាល់ត្រូវជួយអភិរក្សដោយយកចិត្តទុកដាក់បំផុតដើម្បីរក្សាពូជត្រីដល់កូនចៅជំនាន់ក្រោយ៕