អន្តរជាតិ

ប៉ូឡូញត្រៀមខ្លួនរាល់សភាពមិនល្អជាមួយរុស្ស៊ី បញ្ជាទិញប្រព័ន្ធមីស៊ីល HIMARS ៥០០គ្រឿង

ប្រទេសប៉ូឡូញត្រៀមខ្លួនរាល់សភាពការណ៍តានតឹងជាមួយរុស្ស៊ីនាពេលអនាគត ដោយបញ្ជាទិញប្រព័ន្ធមីស៊ីល​ឈានមុខអាម៉េរិក HIMARS ប្រមាណ៥០០គ្រឿង។

នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប៉ូឡូញ លោក Mariusz Błaszczak នៅដើមសប្តាហ៍នេះ។ ប្រព័ន្ធសព្វាវុធដ៏មានសក្តានុពលសម្បើមនេះ បានមកដល់អាកាសយានដ្ឋានយោធានៅ Okęcie ទីក្រុងវ៉ាសូវីប្រទេសប៉ូឡូញជាលើកដំបូង ហើយកំពុងត្រូវបានគេបញ្ជូនបន្តទៅកាន់កងពលធំទី១៦។ តាមការបញ្ជាក់បន្តទៀតដោយរដ្ឋមន្រ្តីរូបនេះ សភាអាម៉េរិកបានយល់ព្រមតាមសំណើអនុម័តការលក់ប្រព័ន្ធ HIMARS ៥០០គ្រឿងជាស្ថាពរហើយ រង់ចាំតែថ្ងៃដឹកចូលប៉ូឡូញប៉ុណ្ណោះ។ ជាមួយគ្នានេះ ការបណ្តុះបណ្តាល ការបង្រៀនឲ្យចេះប្រើ ចេះថែទាំប្រព័ន្ធនេះទៅលើទាហានប៉ូឡូញ ក៏នឹងធ្វើឡើងនៅក្នុងទីក្រុង Toruń ទៀតផង។

ប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមហាមិត្តរបស់អ៊ុយក្រែន ជាអ្នកចេញមុខជួយអ៊ុយក្រែនមិនខ្លាចរុស្ស៊ី បានត្រៀមខ្លួនរួចរាល់ក្នុងករណីមានវិវាទសាយភាយនាពេលអនាគតជាមួយរុស្ស៊ី។ ក្នុងឆ្នាំ ២០១៩ ក្រសួងការពារជាតិប៉ូឡូញបានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំពហុមុខងារ M142 HIMARS ២០គ្រឿង រួមទាំងអង្គភាពហ្វឹកហាត់ចំនួនពីរ និងឧបករណ៍ពាក់ព័ន្ធ។ តម្លៃនៃកិច្ចសន្យាកាលនោះ គឺ ៤១៤ លានដុល្លារអាម៉េរិក។  ភាគីប៉ូឡូញក៏បានបញ្ជាទិញកាំជ្រួច GMLRS ដែលមានរយៈចម្ងាយបាញ់ប្រហែល ៧០ គីឡូម៉ែត្រ និងកាំជ្រួច ATACMS ដែលមានរយៈចម្ងាយបាញ់ដល់ទៅ ៣០០ គីឡូម៉ែត្រ ព្រមទាំងគ្រាប់រំសេវហ្វឹកហាត់ (LCRRPR) រថយន្តបញ្ជា និងយានជំនិះដែលផ្តល់ការការពារបច្ចេកទេស។ កិច្ចព្រមព្រៀងនេះក៏ផ្តល់នូវការគាំទ្រផ្នែកដឹកជញ្ជូន ការបណ្តុះបណ្តាល និងបច្ចេកទេសរួចជាស្រេចផងដែរ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា