ព័ត៌មានជាតិ

បាក់ស្ពានដែកសម្រាប់ឆ្លងទៅច្រកព្រំដែនទ្វេភាគីទន្លេចាមក្នុងស្រុកមេមត់

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំបានជូនដំណឹងដល់អ្នកដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ កំណាត់ផ្លូវខេត្តលេខ ៣៧២ អា ដោយធ្វើដំណើរតាមផ្លូវវាង ដោយសារការបាក់ស្ពានដែកបេឡេតិ៍ ចំណុចព្រែកក្រាយ ស្ថិតក្នុងភូមិដួង ឃុំជាំក្រវៀន ស្រុកមេមត់។

សេចក្តីជូនដំណឹងនេះចុះហត្ថលេខាដោយលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ១៥ ឧសភា ដែលមានខ្លឹមសារបញ្ជាក់ថាៈ បន្ទាប់ពីទទួលបានព័ត៌មានអំពីការ បាក់ស្ពានដែកខាងលើ មន្ទីរបានចាត់បញ្ជូនមន្ត្រីបច្ចេកទេសចុះសិក្សាផ្លូវវាងសម្រាប់ ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងដឹកទំនិញផ្សេងៗទៅកាន់ច្រកព្រំដែនទ្វេភាគីទន្លេចាម (ព្រំប្រទល់កម្ពុជា-វៀតណាម) សូមធ្វើ ដំណើរ តាមផ្លូវវាងទាំងពីរដូចខាងក្រោម៖

១.ផ្លូវវាងទី១ ចាប់ពីចំណុចផ្លូវចូលអគ្គិសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ផ្លូវក្រវាត់ព្រំដែន បត់ស្តាំ បន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។

២.ផ្លូវវាងទី២ ចាប់ពីចំណុចផ្លូវចូលអគ្គិសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់បត់ឆ្វេងបន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។

សូមបញ្ជាក់ថា ពីល្ងាច ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៣ មានករណីបាក់ស្ពានដែកបេឡេត៍មួយកន្លែងប្រវែង ៣០ម និងទទឹង ៤ម ត្រង់គីឡូលេខ១៨+៦៥០ (ស្ពានព្រែកក្រោយ) នៅលើ កំណាត់ផ្លូវខេត្តលេខ ៣៧២អា ស្ថិតនៅក្នុងភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់។

ករណីបាក់ស្ពានដែកខាងលើបណ្តាលមកពី រថយន្តដឹកទំនិញម៉ាកហ៊ីយ៉ានដាយ (វេអង) ប្រភេទក្បាលនិងសឺមីរ៉ឺម៉កសណ្តោង ដែលក្បាលរថយន្តពាក់ស្លាក លេខត្បូងឃ្មុំ 3A-3437 និងសឺមីរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-1476៕