សន្ដិសុខសង្គម

បញ្ជូនវៀតណាម៦នាក់ទៅតុលាការ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៦នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នា។

ជនសង្ស័យ៦នាក់ ដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួននោះមានប្រុសចំនួន៥នាក់ និងស្រីម្នាក់។ពួកគេមានអាយុចាប់ពី ២៥ឆ្នាំទៅដល់៤១ឆ្នាំ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើនេះ គឺធ្វើឡើងតាមពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ ភេទប្រុស ជាជនជាតិវៀតណាមដូចគ្នា បានប្តឹងចោទប្រកាន់ជនសង្ស័យទាំង៦ នាក់នោះពីបទ.បង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០ ២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះលោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ឯក ឡេង ហួរ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងបើកការស៊ើបអង្កេត និងស្រាវជ្រាវ រយៈពេល ២ថ្ងៃក្រោយមក ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៦ នាក់នោះ ។

បន្ទាប់ពីចាប់ខ្លួនយោងតាមពាក្យបណ្តឹង និងចម្លើយជនសង្ស័យទាំងអស់ ស៊ីចង្វាក់ពាក់ព័ន្ធទៅនឹងបទល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

រហូតមកដល់រសៀលថ្ងៃទី១៥ ខែឧសភា នេះដំណើរការសាកសួរបានឆ្លងកាត់ពីស្ថាប័នអយ្យការហើយ ហើយសំណុំរឿងបានបន្តដល់ដៃខាងចៅក្រមស៊ើបសួរ តែមិនទាន់សម្រេចយ៉ាងណានោះនៅឡើងទេ ។

សមត្តកិច្ចបានបន្តថា បើទោះបីជាយ៉ាងណាក្តី សំណុំរឿងព្រហ្មទណ្ឌ ឧក្រិដ្ឋមួយនេះ ជនសង្ស័យមិនអាចគេចផុត ពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ៕