អន្តរជាតិ

ឆ្កែមួយក្បាលពិតជាអាយុថ្លៃមែន ក្រោយជួបរឿងដ៏ភ័យរន្ធត់អាចនៅមានជីវិត

ដោយ៖ សហការី

សុនខមួយក្បាលនៅរដ្ឋតិចសាស់ត្រូវបានជួយសង្រ្គោះចេញពីក្រោមដី ទោះត្រូវបានផ្ទះដួលរលំដោយសារខ្យល់ព្យុះ​សង្កត់លើក៏ដោយ តែវានៅមានជីវិត។

កាសែត dailymail បានឲ្យដឹងនៅថ្ងៃទី ១៤ ខែឧសភា ថា មានក្រុមអ្នកសារព័ត៌មានមួយក្រុម បានជួយសង្គ្រោះសត្វឆ្កែមួយក្បាលចេញពីក្រោមដី នៅទីក្រុងតិចសាស់ ក្រោយពីផ្ទះត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង។ លោក Jim Gower អ្នកសារព័ត៌មាន ABC News បានប្រទះឃើញឆ្កែមួយក្បាលជាប់នៅក្រោមផ្ទះ នៅ Laguna Heights ហើយក៏បានជួយសង្គ្រោះវាឲ្យរួចខ្លួនពីគ្រោះថ្នាក់ដ៏ភ័យខ្លាចនេះ។ ប៉ុន្តែមុននឹងពួកគេទៅដល់ទីនោះ គាត់បានយកប៉ែលនៅក្បែរនោះទៅជាមួយ ហើយក៏ចាប់ផ្តើមជីករកសត្វឆ្កែដែលជាប់គាំងនៅក្រោមផ្ទះតែម្តង។

សត្វឆ្កែមួយក្បាលនេះមិនចង់រត់ចេញពីរន្ធរបស់វាទេ តែមានក្រុមជំនាញបានមកជួយលួងលោមវា ដោយប្រើដំបងសាច់ Slim Jim រហូតដល់អាចគ្រប់គ្រងវាបាន។ ហេតុការណ៍នេះ បានកើតឡើងនៅពេលដែលក្រុម ABC កំពុងឡាយអំពីព្យុះកំបុតត្បូង EF-1 ដ៏រន្ធត់ ដែលបានវាយលុកទីក្រុងតូចមួយកាលពីចុងសប្តាហ៍កន្លងទៅ។ វាបានបក់បោកជាមួយកំលាំងខ្យល់ ១០៥ម៉ាយ ក្នុងមួយម៉ោង ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ផងដែរ។

Gower និងសមាជិកម្នាក់ទៀតនៃក្រុម គឺជាមនុស្សដំបូងគេដែលបានយកសត្វឆ្កែ ចេញពីផ្ទះបាក់បែកយ៉ាងប្រញាប់ប្រញាល់បំផុត។ ទោះជាយ៉ាងណាក៏ដោយ ក៏កូនឆ្កែនៅតែភិតភ័យ និងស្ទាក់ស្ទើរក្នុងការចាកចេញពីរន្ធរបស់វា ហើយក្រុមនាវិកក៏បានប្រើ Slim Jim និងអង្អែលវាថ្នមៗ ដើម្បីឲ្យវាសាំងរួចក៏នាំវាចេញមកបាន។ ចាប់តាំងពីពេលនោះមកក្រុម ABC បានអបអរសាទរដល់ក្រុមនាវិក ក្នុងខណៈដែលសាធារណជនបានថ្លែងអំណរគុណ ដល់សមាជិកនៃក្រុមដែលបានជួយសត្វសុនខដ៏កំសត់នេះ៕