សន្ដិសុខសង្គម

កម្លាំងចម្រុះចុះចាប់សត្វព្រៃបានជាច្រើនគីឡូក្រាមនៅផ្សារបានលុង រតនគិរី

ដោយ៖សុខុម

រតនគិរី៖ មន្ត្រីបរិស្ថានខេត្តរតនគិរី សហការជាមួយ មន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសលក់ដូរសាច់សត្វព្រៃ ខុសច្បាប់នៅផ្សារបានលុង ដោយរឹបអូសបានសាច់សត្វព្រៃ និង សំណាកសត្វព្រៃ សរុបចំនួន ១៧ គីឡូក្រាមកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៣។

មន្រ្តីចុះប្រតិបត្តិការបង្រ្កាបបានឱ្យដឹងថា សាច់សត្វនិងសំណាកសត្វព្រៃទាំង ១៧ គីឡូក្រាម ដែលមន្ត្រីជំនាញ អនុវត្តច្បាប់រឹបអូសបានទាំងនោះគឺ រួមមាន ៖ ១. សាច់ជ្រូកព្រៃ ស្រស់ ចំនួន ៦,៥ គីឡូក្រាម, ២.សត្វត្រកួតងាប់ ចំនួន ៣ ក្បាល ស្មើនឹង ៥,៥ គីឡូក្រាម និង ៣.សាច់ងៀតប្រើស ចំនួន ៥ គីឡូក្រាម។

ការបង្រ្កាបខាងលើនេះគឹក្រោយពីក្រសួងបរិស្ថាន បានផ្តួចផ្តើម និងដឹកនាំ យុទ្ធនាការអន្ទាក់សូន្យ នៅតាមបណ្តាខេត្តមួយចំនួន ដែលមានតំបន់ការពារ ធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាព ដល់សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀត ឱ្យផ្លាស់ប្តូរ ឥរិយាបថបុគ្គលនិយមទទួលទានសាច់សត្វព្រៃ ឲ្យបញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថា សាច់សត្វព្រៃជាថ្នាំប៉ូវសុខភាពហើយងាកមកចូលរួមថែរក្សាអភិរក្សសត្វព្រៃឱ្យបានគង់វង្សវិញ។

ប៉ុន្តែបើទោះបីជាមន្រ្តីបរិស្ថានខិតខំផ្សព្វផ្សាយ និងពន្យល់ដល់ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន និងមហាជនឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃយ៉ាងណាក៏ដោយ។ ក៏ឈ្មួញមុខដដែលៗ នៅតាមផ្សារក្នុងខេត្តមួយចំនួន ដូចជាខេត្តរតនគិរី និងស្ទឹងត្រែង គឺនៅតែ​ឆ្លៀតឱកាសបន្តលក់ជាដដែលក្រោយពីមន្រ្តីចុះបង្រ្កាប។ពួកគេហាក់មិនខ្លាចទៅនឹងវិធានការដ៏តឹងរ៉ឹងនេះឡើយ៕