អន្តរជាតិ

អ៊ុយក្រែនអះអាងរំដោះបានទីតាំងឈរជើងរុស្ស៊ីជាង១០មកវិញនៅខាងជើង និងខាងត្បូងបាក់មុត

អ៊ុយក្រែនអះអាងកាលពីថ្ងៃអាទិត្យទី ១៤ ខែឧសភា ឆ្នាំ២០២៣ថា រំដោះបានទីតាំងឈរជើងជាង១០ពីរុស្ស៊ីមកវិញ​នៅតំបន់ភាគខាងជើង និងខាងត្បូងនៃជាយទីក្រុងបាក់មុត។

តាមការចេញផ្សាយដោយកាសែតជាតិអ៊ុយក្រែន កង​កម្លាំង​ការពារអ៊ុយក្រែន​បាន​ចាប់​យក​ទីតាំង​រុស្ស៊ី​ជាង​ដប់​កន្លែង​នៅ​ភាគ​ខាង​ជើង និង​ខាង​ត្បូង​នៃ​ជាយ​ក្រុង Bakhmutយកមកវិញ។ ពួកគេ​បាន​ឈូស​ឆាយ​តំបន់​ព្រៃ​ដ៏ធំ​មួយ​ក្នុង​ស្រុក Ivanivske និងព្រមទាំងបាន​ចាប់ខ្លួន​អ្នក​កាន់កាប់ទៀតផង។ ប្រភពពីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Hanna Maliar ក្នុងទូរលេខ Telegram បាននិយាយថា “យើង​បន្ត​ដំណើរ​ទៅ​មុខ​នៅ​ជាយក្រុង​ខាង​មុខ​បាក់​មុត។ សព្វថ្ងៃនេះ អង្គភាពរបស់យើងបានចាប់យកទីតាំងសត្រូវច្រើនជាងដប់នៅភាគខាងជើង និងខាងត្បូងនៃជាយក្រុង Bakhmut ហើយ “ទាហាន​សត្រូវ​មក​ពី​ផ្នែក​ផ្សេងៗ​ត្រូវ​បាន​ចាប់​ខ្លួន”។

ព័ត៌មានលម្អិតមន្រ្តីរូបនេះ មិនបានបញ្ជាក់ថាតើទាហានរុស្ស៊ីប៉ុន្មាននាក់ដែលត្រូវបានចាប់ខ្លួននោះទេ តែបានបញ្ជាក់ថា ស្ថានភាពកំពុងតានតឹង និងឡើងកម្តៅខ្លាំង។ មានការប្រយុទ្ធគ្នាខ្លាំង ខណៈការរំដោះបានធ្វើឡើងទៅដល់​ចំណុចសំបុកទ័ពរុស្ស៊ី៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា