សន្ដិសុខសង្គម

រថយន្តបត់ឆ្លងផ្លូវ ម៉ូតូជិះឌុបគ្នាបុកពេញទំហឹង ស្លាប់ម្នាក់ ​របួសម្នាក់​​

ភ្នំពេញ​៖រថយន្តកំពុងបត់ឆ្លងផ្លូវត្រូវម៉ូតូឌុបគ្នាបើកយ៉ាងលឿន ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅក្បែរស្ពានទី៦ តាមផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែឧសភា។

កម្លាំងគោលដៅបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ខន ដាវីត អាយុ ១៩ឆ្នាំ ជាជាងជួសជុលរថយន្ត។ចំណែកអ្នករងរបួសឈ្មោះ វិត ចិត្រា អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ  ពួកគេទាំង២នាក់មានកន្លែងកំណើតនៅភូមិជើងព្រៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។​

មុន​​កើតហេតុ ​គេឃើញ​រថយន្ត​​ម៉ាក​ FORD RANGER ផ្លាកលេខ​ ភ្នំពេញ​2BO-3069​ បើកតាម ​ផ្លូវ​ជាតិ​លេខ​៦​ ​ពី​ត្បូង​ទៅ​ជើង​។មកដល់កន្លែងខាងលើរថយន្តនេះក៏បាន​បត់ឆ្វេង​ឆ្លង​​ផ្លូវ ​ស្រាប់​តែ​ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​ផ្លាកលេខ​ភ្នំពេញ​1GX-5919​ ជិះឌុបគ្នា២នាក់តាម​ផ្លូវ​ជាតិ​លេខ​៦A​ ទិសដៅ​បញ្រ្ចាស​គ្នា​ ​ម៉ូតូក៏​​ជ្រុល​​បុក​រថយន្ត​ចំហៀងខាងក្រោយ​ពេញទំហឹង​ បណ្តាល​ឱ្យ​អ្នក​បើកម៉ូតូ​បែក​ក្បាល​ស្លាប់ភ្លាម​ៗ ​អ្នក​រួម​ដំណើរ​រងរបួស​ធ្ងន់៕ដោយ៖វិចិត្រ