សន្ដិសុខសង្គម

រថយន្តកុងតឺន័របុកម៉ូតូពីក្រោយរួចកិនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយមានរថយន្តសណ្តោងទូកុងតឺន័រ បានបើកបុកម៉ូតូពីក្រោយ រួចកិនអូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវវេងស្រេង ម្តុំស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែឧសភា។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ុក ចន្នី អាយុប្រមាណ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ។ មុនកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុងធ្វើដំណើតាមផ្លូវវេងស្រេងពីកើតទៅលិច។

មកដល់កន្លែងខាងលើ មានរថយន្តកុងតឺន័រផ្លាកលេខត្បូងឃ្មុំ 3A-3148 បើកមកបុកម៉ូតូចំពីក្រោយ​និងកិនអូសម៉ូតូជាច្រើនម៉ែត្របណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្រោមកង់រថយន្តតែម្តង។ភ្លាមៗនោះតៃកុងបានបើកទ្វាររថយន្តចុះបម្រុងរត់ តែត្រូវបានអ្នកដំណើរចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយពីកើតហេតុ កម្លាំងនគរបាលបាននាំសពស្ត្រីរងគ្រោះទៅតម្កល់នៅវត្តរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ។ចំណែកម៉ូតូ-រថយន្តនិងតៃកុងយកទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ