សន្ដិសុខសង្គម

តៃកុងស្រវឹងបើករថយន្តបុករោងការ ធ្វើឱ្យរបួសធ្ងន់៧នាក់ ខូចរថយន្ត៨គ្រឿង

ព្រៃវែង៖តៃកុងស្ថិតក្នុងភាពស្រវឹងខ្លាំង បានបើករថយន្តបុករះរោងការ បណ្តាលឱ្យមនុស្ស៧នាក់រងរបួសធ្ងន់ បង្កខូចខាតរថយន្ត៨គ្រឿង-ម៉ូតូមួយចំនួននិងសម្ភារផ្សេងទៀត។

លោក នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែងបានដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ១១ ស្ថិតក្នុងសង្កាត់តាកោ ក្រុងព្រៃវែង កាលពីយប់ថ្ងៃទី១៤ ខែឧសភា។ មុនកើតហេតុ ម្ចាស់រថយន្តម៉ាក Ford Ranger ផ្លាកលេខភ្នំពេញ 2BD 7787 បានចូលរួមក្នុងពិធីមង្គលការកូនប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង។

ពេលចេញមកវិញគេឃើញរថយន្តនេះបើកក្នុងល្បឿនលឿន ម្ចាស់ទំនងស្រវឹងខ្លាំងបានបុករថយន្តបាឡែនបើកខាងមុខ។រថយន្តបាឡែនក៏ងាករេបុកចូលទៅក្នុងរោងការបង្កឱ្យភ្ញៀវកំពុងអង្គុយហូបអាហាររងរបួសធ្ងន់ចំនួន៧នាក់។រីឯភ្ញៀវផ្សេងទៀតបានរត់ចែកផ្លូវគ្នាទាំងការភ័យខ្លាច។ក្នុងនោះបង្កការខូចខាតរថយន្ត៨គ្រឿង-ម៉ូតូនិងសម្ភារមួយចំនួន។

ក្រោយកើតហេតុ ជនរងគ្រោះចំនួន៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តដែលរងការខូចខាតទាំង៨គ្រឿង សមត្ថកិច្ចបាននាំទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ