សន្ដិសុខសង្គម

ឃុំខ្លួនមន្ត្រីក្រុមប្រឹក្សាឃុំម្នាក់សង្ស័យពាក់ព័ន្ធឆបោកលុយជាង២០ម៉ឺនដុល្លារ

ភ្នំពេញ៖កម្លាំងអាវុធហត្ថកាលពីរសៀលថ្ងៃទី១២ ខែឧសភា បានបញ្ជូនមន្ត្រីក្រុមប្រឹក្សាឃុំម្នាក់សង្ស័យពាក់ព័ន្ធឆបោកលុយ​ជាង២០ម៉ឺនដុល្លារទៅតុលាការ ហើយត្រូវឃុំខ្លួននៅរសៀលថ្ងៃទី១៤ ខែឧសភា។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាមន្ត្រីក្រុមប្រឹក្សាឃុំឈ្មោះ ថា ប៊ុនថន អាយុ២៨ឆ្នាំ នៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។មន្ត្រីរូបនេះត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទឆបោកពាក់ព័ន្ធលុយប្រមាណជាង២០ម៉ឺនដុល្លារ។

ពេលឃាត់ខ្លួនធ្វើឡើងតាមបណ្តឹងរបស់អាជីវករម្នាក់ ចោទប្រកាន់ឈ្មោះ ថា ប៊ុនថន ដែលជាមនុស្សរាប់អានគ្នា។កាលពីអំឡុងខែមករាឆ្នាំ២០២២ ជនសង្ស័យបានខ្ចីប្រាក់ពីដើមបណ្តឹងថាយកទៅធ្វើដើមទុនពង្រីកមុខរបរ។ដំបូងខ្ចីត្រឹម៥.៥០០ដុល្លារប៉ុណ្ណោះ ហើយក៏សងវិញគ្រប់ចំនួន។

ក្រោយមកទៀតជនសង្ស័យតែងតែទៅទទូចខ្ចីលុយពីដើមបណ្តឹងជាបន្តបន្ទាប់ម្តង១០.០០០ ម្តង២០.០០០ដុល្លារ ប្រមាណជា១០លើក សរុបលុយទាំងអស់ចំនួន២០៥.២១៦ដុល្លារ។បន្ទាប់មកជនសង្ស័យក៏គេចវេះមិនព្រមសង ទើបម្ចាស់លុយប្តឹងសមត្ថកិច្ចសុំឱ្យចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ