កីឡា

កម្ពុជាបានមេដាយមាសមួយគ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាទូកស៊ីហ្គេម

ដោយ៖កំចាយ

ថ្ងៃទី២នៃការប្រកួតកីឡាទូកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅខេត្តកំពតរយ:ចម្ងាយ៥០០ម៉ែត្រ ក្រុមកីឡាជម្រើសជាតិកម្ពុជារកបានមេដាយមាសមួយគ្រឿងលើវិញ្ញាសាប្រភេទទូកបុរស៥នាក់អាយុក្រោម២៤ឆ្នាំ។ ចំណែកប្រភេទទូកចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ កម្ពុជាទទួលបានមេដាយសំរិទ្ធមួយគ្រឿងផងដែរ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២នៃការប្រកួតកីឡាទូកស៊ីហ្គេមលើ៤វិញ្ញាសាក្នុងរយៈចម្ងាយ៥០០ម៉ែត្រ។ ក្នុងនោះ កម្ពុជារកបានមេដាយមាសលើប្រភេទទូកបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ ខណ:កីឡាករថៃទទួលបានមេដាយប្រាក់ និងកីឡាឥណ្ឌូនេស៊ីទទួលបានមេដាយសំរិទ្ធ។ ចំណែកវិញ្ញាសាប្រភេទទូកចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ កីឡាករកម្ពុជាទទួលចំណាត់ថ្នាក់លេខ៣ បានមេដាយសំរិទ្ធ ដោយក្រុមកីឡាករវៀតណាមទទួលបានមេដាយមាស និងកីឡាករមីយ៉ាន់ម៉ាទទួលមេដាយប្រាក់។

សូមរំលឹកថា សម្រាប់លទ្ធផលនៃការប្រកួត៥វិញ្ញារយ:ចម្ងាយ២៥០ម៉ែត្រក្នុងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ រួមមាន វិញ្ញាសាទី១ ប្រភេទបុរស១២នាក់ អាយុក្រោម២៤ឆ្នាំ គឺកីឡាករឥណ្ឌូនេស៊ីលេខ១ ទទួលបានមេដាយមាស វៀតណាម លេខ២ មេដាយប្រាក់ និងកម្ពុជាលេខ៣មេដាយសំរិទ្ធ ។ វិញ្ញាសាទី២ ប្រភេទនារី៣នាក់ អាយុក្រោម២៤ឆ្នាំ គឺក្រុមកីឡាករវៀតណាមលេខ១ ទទួលបានមេដាយមាស កម្ពុជាលេខ២ ទទួលបានមេដាយប្រាក់ និងម៉ាឡេស៊ីលេខ៣ ទទួលបានមេដាយសំរិទ្ធ ។ វិញ្ញាសាទី៣ ប្រភេទបុរស១២នាក់ Open ក្រុមកីឡាករថៃលេខ១ ទទួលបានមេដាយមាស ម៉ាឡេស៊ីលេខ២ មេដាយប្រាក់ និងកម្ពុជាលេខ៣ ទទួលបានមេដាយសំរិទ្ធ ។ វិញ្ញាសាទី៤  ប្រភេទបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ  គឺក្រុមកីឡាករមីយ៉ាន់ម៉ាលេខ១ ទទួលបានមេដាយមាស កម្ពុជាលេខ២ ទទួលបានមេដាយប្រាក់ និងកីឡាករថៃលេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី៥ ប្រភេទចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ ក្រុមកីឡាករថៃលេខ១ ទទួលមេដាយមាស កីឡាករមីយ៉ាន់ម៉ា លេខ២ មេដាយប្រាក់ និងកីឡាករឥណ្ឌូនេស៊ីលេខ៣ មេដាយសំរិទ្ធ។ ជាលទ្ធផលសរុបសម្រាប់៩វិញ្ញាសាលើរយៈចម្ងាយ២៥០ម៉ែត្រ និង៥០០ម៉ែត្រកម្ពុជារកបានមេដាយចំនួន៦គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់២ គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។

នៅថ្ងៃទី១៥ ខែឧសភានេះមិនមានការប្រកួតទេដោយក្រុមកីឡាករទាំងអស់ត្រូវសម្រាក។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នឹងមានការប្រកួតលើ៤វិញ្ញាសាក្នុងរយៈចម្ងាយ៨០០ម៉ែត្រ។ ក្នុងនោះ រួមមាន៖

១. ប្រភេទទូកបុរស១២នាក់ អាយុក្រោម២៤ឆ្នាំ ២. ប្រភេទទូកបុរស១២នាក់ Open , ៣. ប្រភេទទូកបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ និង៤. ប្រភេទទូកចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ៕