កីឡា

ការប្រកួតទូកព្រឹត្តិការណ៍ស៊ីហ្គេមថ្ងៃដំបូងកម្ពុជាមិនទទួលបានមេដាយមាសទេ

ដោយ៖កំចាយ

កំពត៖ការប្រកួតកីឡាទូកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលធ្វើឡើងនៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពតក្នុងថ្ងៃដំបូង(ទី១៣ ខែឧសភា ឆ្នាំ២០២៣) បានបញ្ចប់លើ៥វិញ្ញាសា ផ្នែករយៈចម្ងាយ២៥០ម៉ែត្រ។ ក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានមេដាយ៤គ្រឿង គឺមេដាយប្រាក់២ គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។

លទ្ធផលនៃការប្រកួតជាផ្លូវការទាំង៥វិញ្ញាសាខាងលើ រួមមាន៖ វិញ្ញាសាទី១ ប្រភេទបុរស១២នាក់ អាយុក្រោម២៤ឆ្នាំ គឺឥណ្ឌូនេស៊ីលេខ១ ទទួលបានមេដាយមាស វៀតណាម លេខ២ មេដាយប្រាក់ និងកម្ពុជា លេខ៣មេដាយសំរិទ្ធ ។ វិញ្ញាសាទី២ ប្រភេទនារី៣នាក់ អាយុក្រោម២៤ឆ្នាំ គឺក្រុមកីឡាករវៀតណាមលេខ១ ទទួលបានមេដាយមាស កម្ពុជាលេខ២ ទទួលបានមេដាយប្រាក់ និងម៉ាឡេស៊ី លេខ៣ ទទួលបានមេដាយសំរិទ្ធ ។

វិញ្ញាសាទី៣ ប្រភេទបុរស១២នាក់ Open ក្រុមកីឡករថៃលេខ១ ទទួលបានមេដាយមាស ម៉ាឡេស៊ីលេខ២ មេដាយប្រាក់ និងកម្ពុជាលេខ៣ ទទួលបានមេដាយសំរិទ្ធ ។ វិញ្ញាសាទី៤  ប្រភេទបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ  គឺក្រុមកីឡាករមីយ៉ាន់ម៉ាលេខ១ ទទួលបានមេដាយមាស កម្ពុជាលេខ២ ទទួលបានមេដាយប្រាក់ និងថៃលេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី ៥ ប្រភេទចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ ក្រុមកីឡាករថៃលេខ១ ទទួលមេដាយមាស ម៉ីយ៉ាន់ម៉ា លេខ២ មេដាយប្រាក់ និងឥណ្ឌូនេស៊ី លេខ៣ មេដាយសំរិទ្ធ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ផ្នែករយៈចម្ងាយ៥០០ម៉ែទ្រ លើ៤វិញ្ញាសា រួមមាន៖ ១.ប្រភេទបុរស១២នាក់ អាយុក្រោម២៤ឆ្នាំ, ២. ប្រភេទបុរស១២នាក់ Open , ៣. ប្រភេទបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ  និង៤. ប្រភេទចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ៕