កីឡា

ការប្រកួតទូកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២បានចាប់ផ្តើមហើយ

ដោយ៖កំចាយ

ការប្រកួតទូកនាគ និងទូកផ្កាចារ ជាវិញ្ញាសាដ៏សំខាន់មួយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវចាប់ផ្តើមពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣ នៅក្រុងកំពត ខេត្តកំពតដោយមាន៨ប្រទេសចូលរួម។

លោក ឯម ម៉ាអូរី អនុប្រធានសហព័ន្ធកីឡាទូកកានូរ៉ូវីងកម្ពុជាទទួលបន្ទុកបច្ចេកទេសបានឲ្យដឹងថា ផ្អែកតាមបទពិសោធន៍ និងការហ្វឹកហាត់ជាច្រើនខែកន្លងមក ក្រុមកីឡាទូកប្រណាំងជម្រើសជាតិកម្ពុជា សង្ឃឹមថានឹងដណ្តើមយកមេដាយមាសយ៉ាងហោចឱ្យបាន២វិញ្ញាសាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

លោកអនុប្រធានសហព័ន្ធកីឡាទូកបានបញ្ជាក់ទៀតថា កាលស៊ីហ្គេមក្នុងប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន កម្ពុជានៅទន់ខ្សោយណាស់ ពោលគឹទទួលបានត្រឹមតែចំណាត់ថ្នាក់ក្បែរជាប់ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ កម្ពុជាសង្ឃឹមលើវិញ្ញាសាអុំ៣នាក់ និងអុំ៥នាក់សម្រាប់ទូកផ្កាចារ និងទូកនាគ។

លោក ស៊ិក កូ អត្តពលិកមកពីប្រទេសសិង្ហបុរីបានរៀបរាប់ថា ដោយពេលវេលានៃការប្រកួតបានមកដល់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះបានធ្វើឱ្យលោក ព្រមទាំងកីឡាករទាំងអស់មានភាពរំភើបយ៉ាងខ្លាំង។ កីឡាករប្រទេសផ្សេងៗ ក៏បានបញ្ចេញនូវទឹកមុខរំជើបរំជួលប្រហាក់ប្រហែលគ្នាដែរ។

លោក ហ្កាត់ លីម តំណាងសហព័ន្ធកីឡាទូកប្រពៃណីអាស៊ីមកពីប្រទេសម៉ាឡេស៊ី និងជាប្រធានបច្ចេកទេសរៀបចំការប្រកួតកីឡាទូក  បានបញ្ជាក់ថា ភាពល្អប្រសើរក្នុងការរៀបចំស៊ីហ្គេមនៅកម្ពុជាគឺម្ចាស់ផ្ទះចង់ឱ្យអ្នកមកចូលរួមទាំងអស់មានក្តីសប្បាយរីករាយ និងទទួលបានភាពកក់ក្តៅជាមួយការស្នាក់នៅ ហូបចុក និងដំណើរកម្សាន្តនានា។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនៅខេត្តកំពតគឺចាប់ផ្តើមពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លើ១៣វិញ្ញាសា។ ក្នុងនោះ មានការប្រកួតចម្ងាយ២៥០ម៉ែត្រចំនួន៥វិញ្ញាសា, ចម្ងាយ៥០០ម៉ែត្រ ៤វិញ្ញាសា និងចម្ងាយ៨០០ម៉ែត្រ ចំនួន៤វិញ្ញាសា។ការប្រណាំងទូកនេះគឺមាន៨ប្រទេសបានចូលរួម។ចំពោះប្រទេសជាសមាជិកអាស៊ានដែលមិនបានចូលរួមនោះគឺមានប្រទេសឡាវ,ទីម័រខាងកើត និង ប្រទេសប្រ៊ុយណេ៕