អន្តរជាតិ

អាចម៍ផ្កាយមួយដុំធ្លាក់ទម្លុះដំបូលផ្ទះពលរដ្ឋនៅសហរដ្ឋអាម៉េរិក

ដោយ៖ សហការី

លោហធាតុដែលគេជឿថាជាអាចម៍ផ្កាយបានធ្លាក់ទម្លុះដំបូលផ្ទះអ្នកស្រុក នៅចំកណ្តាលរដ្ឋ New Jersey សហរដ្ឋអាម៉េរិក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

​ម្ចាស់​ផ្ទះ​បាន​រក​ឃើញ​ថ្ម​ខ្មៅមួយដុំមាន​ទំហំប៉ុនមើម​ដំឡូង ធ្លាក់លើ​ដំបូលផ្ទះទម្លុះចូលទៅក្នុងផ្ទះចំលើគ្រែដេក ដែលពួកគេបានសន្និដ្ឋានថាជា​ដុំអាចម៍ផ្កាយ ព្រោះវាមានសភាព​ក្តៅនៅឡើយ។

ប៉ូលិសបាននិយាយថា មិនមានមនុស្សរងរបួសទេ ហើយក៏មិនមានការខូចខាតលំនៅដ្ឋានធ្ងន់ធ្ងរនោះដែរ។ លំនៅដ្ឋាននេះស្ថិតនៅក្នុងទីក្រុង Hopewell ភាគខាងជើងនៃរដ្ឋធានី Trenton។ លោហធាតុនោះមានទំហំប្រហែល ៤ គុណនឹង ៦ អ៊ីញ មានទម្ងន់ប្រហែល ៤ ផោន ស្មើនឹង ១.៨ គីឡូក្រាម។ Suzy Kop ដែល​ជា​ម្ចាស់​ផ្ទះ​បាន​និយាយ​ថា​ ដំបូង​ពួកគាត់​គិត​ថា​មាន​នរណា​ម្នាក់​គប់ដុំ​ថ្ម​ចូល​​ក្នុង​បន្ទប់​គេងរបស់គាត់ ប៉ុន្តែ​ភ្លាមៗ​ក៏​ដឹង​ថា​វាមិន​មែន​ជា​ករណី​ហ្នឹង​ទេ។ ពេលនេះក្រុមគ្រួសារ​គ្រោង​ជួប​ជាមួយ​អ្នកជំនាញ​ខាង​តារាសាស្ត្រ​ ដើម្បី​ពិនិត្យមើល​លោហធាតុ​នេះ​បន្ថែមទៀត​។

អ្នកស្រី Kop បានប្រាប់ Know Your World ថា យើងគិតថាវាជាថ្មអាចម៍ផ្កាយធ្លាក់មក បុកចំកម្រាលឥដ្ឋ ធ្វើឲ្យខូចខាតទាំងស្រុង វាខ្ទាតឡើងប៉ះនឹងពិតាន ហើយក៏ធ្លាក់នៅលើឥដ្ឋ” ។

ខ្ញុំ​បាន​ប៉ះ​ដុំលោហៈនេះ​ព្រោះ​គិត​ថា​វា​ជា​ថ្មដែលធ្លាក់មកដោយ​ចៃដន្យ ពេលខ្ញុំប៉ះ​​វា ថ្មមួយដុំនេះនៅក្តៅនៅឡើយ។ ស្រ្តីដដែលបាននិយាយទៀតថា មន្រ្តី hazmat ក៏បានឆ្លើយតបថា ក្នុងករណីនេះពួកគេបានប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម ប៉ុន្តែយោងតាមការត្រួតពិនិត្យ គឺមានលទ្ធផលអវិជ្ជមានទាំងអស់។

ប្រធានតារាវិទូនៅវិទ្យាស្ថាន Franklin លោក Derrick Pitts បាននិយាយថា ថ្មនេះអាចមានអាយុពី ៤ ទៅ ៥ ពាន់លានឆ្នាំ។ វាបានគោចរជុំវិញលំហអាកាសគ្រប់ពេល ឥឡូវនេះវាបានមកដល់ផែនដី ហើយវាបានធ្លាក់មកលើគន្លងរបស់វា ប៉ុន្តែវាពិតជាបានវាយប្រហារមកលើផ្ទះអ្នកស្រុក ហើយមនុស្សម្នាអាចកាន់បានពិតជាមិនធម្មតាទេ។ វាបានកើតឡើងដោយកម្រណាស់នៅក្នុងប្រវត្តិសាស្ត្រ៕