កីឡា

គណៈកម្មាធិការស៊ីហ្គេមសម្រេចបោះពុម្ពសាជាថ្មីនូវសំបុត្រចូលទស្សនា

ភ្នំពេញ៖ គណៈកម្មាធិការជាតិCAMSOC-CAMAPGOCបានជូនដំណឹងថា នឹងសម្រេចបោះពុម្ពសាជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្តសម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ។

គណៈកម្មាធិការCAMSOC-CAMAPGOCបានបញ្ជាក់ថា ការបោះពុម្ពបណ្ណចូលទស្សនាសាជាថ្មីនេះគឺដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ខាងមុខនេះជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិ មរតកតេជោ។

គួរបញ្ជាក់ដែរថា កន្លងមកគណៈកម្មាធិការCAMSOC-CAMAPGOCបានផ្តល់ជូននូវលិខិតអញ្ជើញដោយភ្ជាប់ជាមួយ បណ្ណចូលទស្សនា និងបណ្ណរថយន្តសម្រាប់ចូលរួមទាំងពិធីបើកនិងពិធីបិទជាផ្លូវការស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។

រីឯពិធីបើកគឺបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ រួចហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដោយទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ៕