អន្តរជាតិ

កីឡាការិនីម្នាក់មិនបានចូលប្រកួតរត់ប្រណាំង ក្រោយពេលនាងកែភេទ

ដោយ៖ សហការី

កីឡាការិនីជនជាតិបារាំងម្នាក់ ត្រូវបានអ្នករៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិក មិនឲ្យចូលរួមប្រកួត ដោយសារតែនាងបានកែភេទ។

Reuters បានឲ្យដឹងថា នៅប្រទេសបារាំងកាលពីថ្ងៃទី ៩ ខែឧសភា មានកីឡាកររត់ប្រណាំងជនជាតិបារាំងម្នាក់ ឈ្មោះ Halba Diouf នាងអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារក្តីសុបិនក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំក្រោយត្រូវបានខកខាន ខណៈពេលដែលអត្តពលិកពិភពលោករូបនេះបានកែភេទ ហើយរូបគេក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមការប្រកួតកីឡាស្ត្រីវរជន។

Diouf បានខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ដើម្បីបង្កើនថាមពល​ក្នុងការ​រត់​ចម្ងាយ ២០០ ម៉ែត្រ​របស់​នាង​ប្រកបដោយ​ក្តី​សង្ឃឹម​ សម្រាប់ត្រៀមចូលរួមការ​ប្រកួតនៅក្នុង​ឆ្នាំ ២០២៤។ ប៉ុន្តែមហិច្ឆតារបស់នាងត្រូវបានរលាយបាត់ នៅពេលដែលស្ថាប័នគ្រប់គ្រងដោយ WA បានហាមឃាត់ស្ត្រីណាដែលបានប្តូរភេទ គឺមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍របស់ស្ត្រីដោយលើកឡើងថា អ្នកកែភេទសុទ្ធតែធ្លាប់ឆ្លងកាត់យុវវ័យរបស់ខ្លួន ការហាមឃាត់នេះគឺ “ដើម្បីការពារតំលៃស្ត្រី” តែប៉ុណ្ណោះ។

Diouf បានប្រាប់ Reuters ក្នុងបទសម្ភាសន៍ថា “ខ្ញុំមិនយល់ពីការសម្រេចចិត្តនេះទេ ព្រោះស្ត្រីប្តូរភេទតែងតែត្រូវបានអនុញ្ញាតឲ្យចូលរួម ក្នុងការប្រកួតប្រជែងប្រសិនបើកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន​របស់ពួកគេមានកម្រិតទាប”។ Diouf កើតនៅប្រទេស សេណេហ្គាល់ នាងបានមកកាន់ប្រទេសបារាំងកាលពីអាយុ ៤ ឆ្នាំ។ រហូតដល់នាងពេញវ័យ នាងបានផ្លាស់ទៅតំបន់ Aix-en-Provence គឺជាកន្លែងដែលនាងបានចាប់ផ្តើមការព្យាបាល ដោយអ័រម៉ូនដើម្បីប្តូរភេទ ហើយការកែភេទរបស់នាង ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរបារាំងនៅក្នុងឆ្នាំ ២០២១៕

ប្រធានស្ថាប័ន WA លោក Sebastian Coe បានឆ្លើយតបថា “ការសម្រេចចិត្តរមែងតែមានផលវិបាក ខណៈដែលមានរឿងចម្រូងចម្រាស់លើតម្រូវការរបស់ពួកគេ ដែលពាក់ព័ន្ធនឹងសិទ្ធិខុសគ្នារវាងក្រុមដ៏ទៃទៀត ប៉ុន្តែយើងប្រកាន់យកទស្សននេះហើយ យើងនឹងប្រកាន់យកភាពយុត្តិធម៌ សម្រាប់អត្តពលិកស្ត្រីខាងលើ នឹងពិចារណាលើបញ្ហាផ្សេងៗទាំងអស់៕