កីឡា

ការប្រណាំងទូកនាគនិងទូកផ្កាចារនឹងចាប់ផ្តើមនៅខេត្តកំពតពីថ្ងៃទី១៣ឧសភា

ដោយ៖កំចាយ

កំពត៖ការប្រណាំងទូកនាគនិងទូកផ្កាចារដែលជាវិញ្ញាសាដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងត្រូវចាប់ផ្តើមថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ នៅក្រុងកំពត ខេត្តកំពត។

លោក ឯម ម៉ាអូរី អនុប្រធានសហព័ន្ធកីឡាទូកកានូរ៉ូវីងកម្ពុជាទទួលបន្ទុកបច្ចេកទេសបានឲ្យដឹងថា ផ្អែកតាមបទពិសោធន៍ និងការហ្វឹកហាត់ជាច្រើនខែកន្លងមក ក្រុមកីឡាទូកប្រណាំងជម្រើសជាតិកម្ពុជាសង្ឃឹមថានឹងដណ្តើមយកមេដាយមាសយ៉ាងហោចឱ្យបាន២វិញ្ញាសាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

លោកអនុប្រធានសហព័ន្ធកីឡាទូកបានបញ្ជាក់ទៀតថា កាលស៊ីហ្គេមក្នុងប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន កម្ពុជានៅទន់ខ្សោយណាស់ ពោលគឹទទួលបានត្រឹមតែចំណាត់ថ្នាក់ក្បែរជាប់ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ កម្ពុជាសង្ឃឹមលើវិញ្ញាសាអុំ៣នាក់ និងអុំ៥នាក់សម្រាប់ទូកផ្កាចារ និងទូកនាគ។

លោក ហ្កាត់ លីម តំណាងសហព័ន្ធកីឡាទូកប្រពៃណីអាស៊ីមកពីប្រទេសម៉ាឡេស៊ី និងជាប្រធានបច្ចេកទេសរៀបចំការប្រកួតកីឡាទូក  បានបញ្ជាក់ថា ភាពល្អប្រសើរក្នុងការរៀបចំស៊ីហ្គេមនៅកម្ពុជាគឺម្ចាស់ផ្ទះចង់ឱ្យអ្នកមកចូលរួមទាំងអស់មានក្តីសប្បាយរីករាយ និងទទួលបានភាពកក់ក្តៅជាមួយការស្នាក់នៅ ហូបចុក និងដំណើរកម្សាន្តនានា។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនៅខេត្តកំពតគឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លើ១៣វិញ្ញាសា។ ក្នុងនោះ មានការប្រកួតចម្ងាយ២៥០ម៉ែត្រចំនួន៥វិញ្ញាសា, ចម្ងាយ៥០០ម៉ែត្រ ៤វិញ្ញាសា និងចម្ងាយ៨០០ម៉ែត្រ ចំនួន៤វិញ្ញាសា៕