សេដ្ឋកិច្ច

គ្រួសារមួយហ៊ានចំណាយលុយទិញកោះក្នុងតម្លៃជាង៣០លានដុល្លារ

ដោយ៖ សហការី

គ្រួសារមានទ្រព្យដ៏ស្តុកស្តម្ភមួយបានចំណាយប្រាក់ ជាង៣០លានដុល្លារ ដើម្បីទិញកោះ Palmyra ដែលជាកោះមានសម្រស់ស្រស់ត្រកាល មានផ្កាថ្មល្អស្អាតជាងគេលើពិភពលោក។

បើតាមការចុះផ្សាយ The Guinness World Record កាលពីថ្ងៃទី ៨ ខែឧសភា បានឲ្យដឹងថា  នៅក្នុងការដេញថ្លៃដ៏មានតម្លៃបំផុត ដើម្បីទិញយកតំបន់ត្រូពិចប៉ាស៊ីហ្វិក ដែលហៅថាតំបន់ថែរក្សាសម្បត្តិធម្មជាតិនោះ គេបានដេញថ្លៃទិញយកកោះ Palmyra atoll កាលពីថ្ងៃទី២៣ ឆ្នាំមុន ក្នុងតម្លៃដ៏មហាសាល។ កោះ Palmyra Atoll គឺជាបណ្តុំកោះផ្កាថ្មដ៏អស្ចារ្យដែលស្ថិតនៅចម្ងាយ ៩៦០ម៉ាយ ស្មើនឹង ១,៤៥០ គីឡូម៉ែត្រ និងមិនមានមនុស្សរស់នៅក្បែរទីនោះទេ។

កោះនេះស្ថិតនៅភាគនិរតីនៃទីក្រុង Honolulu របស់រដ្ឋ Hawaii  វាត្រូវបានទិញក្នុងតម្លៃ ២១ លានផោន ស្មើនឹង ៣០លានដុល្លារ ពីគ្រួសារឈ្មោះ Fullard-Leos ដែលជាគ្រួសារ Honolulu បានកាន់កាប់អស់រយៈពេល ៨០ ឆ្នាំ។ ការទិញយកនេះធ្វើឲ្យ Palmyra ក្លាយជាកោះមួយមានតម្លៃថ្លៃបំផុតដែលគេមិនធ្លាប់លក់ពីមុនមក។ កោះ Palmyra ជាកោះដែលពោរពេញទៅដោយធនធានធម្មជាតិចំរុះជាច្រើនប្រភេទ។ តំបន់កោះនោះក៏មានបណ្តុំកោះតូចៗចំនួន ២៦ គឺជាកោះដាច់ស្រយាលហើយចំណាស់ជាងគេបំផុត និងមានបរិយាកាសប្រកបទៅដោយផាសុកភាពល្អ ដោយសាមានធនធានធម្មជាតិដូចជា ថ្មប៉ប្រះទឹក និងកោះតូចៗ ដែលជាជម្រកនៃប្រភពមានជីវិតនៅក្រោមទឹក និងដីគោកដែលគ្របដណ្តប់ទៅដោយរស្មីព្រះអាទិត្យចែងចាំង។

កោះ Palmyra មានប្រភេទផ្កាថ្មមានទំហំធំជាង ៥ ដងនៃផ្កាថ្មនៅ Florida Keys និង ៣ដងនៃ Hawaii។ វាជាជម្រកនៃសត្វល្មូនដ៏ធំបំផុតរបស់ពិភពលោក និងសម្បូរទៅដោយ ក្តាមដូង និងសត្វស្លាបជើងក្រហមមួយចំនួន ដែលគេធ្លាប់តែឃើញមាននៅលើកោះ Galapagos តែប៉ុណ្ណោះ។ ទីកន្លែងដ៏ស្រស់ស្អាតនេះគឺជាដែនជម្រកតែមួយគត់ សម្រាប់សត្វស្លាបសមុទ្រដែលធ្វើចំណាកស្រុកពីតំបន់ផ្សេងៗ និងសត្វស្លាបរស់នៅតាមច្រាំងសមុទ្រដែលមានទំហំ ៤៥០,០០០ ម៉ាយ (១,១៦៥,៤៩៤ គីឡូម៉ែត្រក្រឡា) នៃផ្ទៃមហាសមុទ្រ។ វាជាតំបន់ព្រៃត្រូពិច Palmyra ដែលបានផ្តល់ជម្រកដ៏សំខាន់សម្រាប់សត្វក្ងានព្រៃ សត្វល្អិតផ្សេងៗ និងប្រភេទសត្វកម្រដទៃទៀតផងដែរ។

កោះដ៏ស្រស់ស្អាតនេះមានដីព្រៃប្រហែល ៦៨០ ហិកតា និងដីលិចទឹកចំនួន ៥១៥,២៣២ ហិកតា និងលំហផ្ទៃទឹក មានថ្មប៉ប្រះទឹកលាតសន្ធឹងដ៏ទូលំទូលាយ បឹងទឹករាក់ចំនួន ៣ កូនកោះខ្សាច់ និងថ្មប៉ប្រះទឹក ដែលជារនាំងគ្របដណ្តប់ដោយរុក្ខជាតិខៀវស្រងាត់៕