អន្តរជាតិ

កាន់តែខ្លាំង! ចក្រភពអង់គ្លេសផ្តើមគំនិតថ្មីចង់ផ្តល់ឲ្យអ៊ុយក្រែននូវកាំជ្រួចបាញ់៣០០គីឡូម៉ែត្រ

កាន់តែខ្លាំងហើយ ចក្រភពអង់គ្លេសផ្តើមគំនិតថ្មីជាមួយគូកនចង់ផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែតបាញ់បានចម្ងាយ​៣០០គីឡូម៉ែត្រ ប្រើសម្រាប់បង្រ្កាបរុស្ស៊ីក្នុងសមរភូមិ។

ក្រុម​ប្រទេស​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​អង់គ្លេស​ បាន​ស្នើ​ឱ្យ​មាន​ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្គត់ផ្គង់​ប្រទេស​អ៊ុយក្រែន​នូវ​កាំជ្រួចដែល​មាន​ចម្ងាយរហូត​ដល់​ទៅ ៣០០ គីឡូម៉ែត្រ។ ការអំពាវនាវនេះ ត្រូវបានរួមបញ្ចូលនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះកាលពីសប្តាហ៍មុនដោយមូលនិធិអន្តរជាតិសម្រាប់​អ៊ុយក្រែន ដែលជាក្រុមប្រទេសរួមមានចក្រភពអង់គ្លេស ន័រវែស ហូឡង់ ដាណឺម៉ាក និងស៊ុយអែត។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស ដែលគ្រប់គ្រងមូលនិធិនេះ បានស្នើឱ្យក្រុមហ៊ុនទាក់ទងគ្នា ថាតើពួកគេអាចផ្តល់មីស៊ីលដែលអាចបាញ់ចេញពីដី, សមុទ្រ ឬអាកាស ជាមួយនឹងទម្ងន់ពី ២០ ទៅ ៤៩០ គីឡូក្រាមបានឬអត់។

Yuriy Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រាប់បណ្តាញសារព័ត៌មានថា ខាងទីក្រុង Kyiv មិនទាន់មានព័ត៌មានច្បាស់លាស់អំពីកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា “យើងនឹងស្វាគមន៍វា ប្រសិនបើចក្រភពអង់គ្លេសដើរតួជាអ្នកដឹកនាំជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ ដូចអ្វីដែលពួកគេបានធ្វើជាមួយរថក្រោះប្រយុទ្ធសំខាន់ Challenger 2 នាពេលកន្លងទៅ”៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា