សន្ដិសុខសង្គម

មនុស្សពីរនាក់ស្លាប់នៅក្នុងផ្ទះអស់ជាច្រើនថ្ងៃហើយទើបបានគេដឹង

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ មនុស្សវ័យចំណាស់២នាក់ប្តីប្រពន្ធបានស្លាប់ ក្នុងសភាពហើមរលួយ នៅក្នុងផ្ទះអស់ជាច្រើនថ្ងៃហើយទើបបានសាច់ញាតិដឹង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

អ្នកស្រី ចាន់ ធូ ត្រូវជាកូនជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីទាក់ទងឳពុកម្តាយតាមទូរសព្ទ៣ថ្ងៃមុនមិនបានលោកស្រីក៏មានការងឿងឆ្ងល់ ហើយនៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២៣ ក៏បានមកមើលដើម្បីសាកសួរដល់ផ្ទះ ។ លុះបើកទ្វាចូលពិនិត្យមើលក៏ស្រាប់តែឃើញឳពុកស្លាប់នៅលើប៉ៅអី និងម្តាយស្លាប់នៅលើគ្រែ ភ្លាមៗលោកស្រីក៏ស្រែកទ្រហោយំភ្ញាក់ផ្អើលដល់អ្នកជិតខាងមកចោមរោមមើលយ៉ាងច្រើន។

អ្នកស្រីបន្តថា ចុងក្រោយនេះម្តាយរបស់គាត់មានជំងឺរ៉ាំរ៉ៃសម្រាកនៅនឹងកន្ទេល ចំណែកឯឳពុកជាអ្នកនៅមើលថែរម្តាយដែលមានជំងឺជាប់នឹងខ្លួន។ រីឯកូនៗ រួមទាំងអ្នកស្រីផងនោះរស់នៅទីទៃពីគ្នា និងជាប់រវល់រកស៊ីរៀងៗខ្លួន។

អ្នកស្លាប់ឈ្មោះសូ អឿន អាយុ៧៦ឆ្នាំ ជាប្តី និងឈ្មោះអិត លឿន អាយុ៦៦ឆ្នាំជាប្រព្ធ។អ្នកទាំងពីទំនងជាបានស្លាប់ ក្នុងរង្វង់ពី៣ទៅ៥ថ្ងៃមានសភាពហើម និងស្អុយរលួយខ្លាំង។

មកទល់ម៉ោង៧:០០នាទីយប់ថ្ងៃទី៧ ឧសភានេះសមត្ថកិច្ចបានបញ្ជាក់ពីលទ្ធផលនៃការពិនិត្យឲ្យឃើញថា ប្តីស្លាប់ដោយសារគាំងបេះដូង ដោយឡែកចំពោះប្រពន្ធអាចស្លាប់ដោយសារអត់អាហារផ្គត់ផ្គង់៕