សន្ដិសុខសង្គម

ចាប់ខ្លួនមន្ត្រីយោធាម្នាក់ផ្ទុះអាវុធបណ្តាលឲ្យរបួសមនុស្សកំពុងផឹកស៊ី

ដោយ៖សហការី

ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីយោធាម្នាក់ដែលប្រើអំពើហិង្សាដោយអាវុធបង្កឲ្យរងរបួសអ្នកដទៃបញ្ជូនទៅអយ្យការអាអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មន្រ្តីយោធានោះឈ្មោះ ស៊ិន សុវណ្ណរ៉េត ហៅ ឌុក ភេទប្រុស អាយុ៥៨ ឆ្នាំ មុខរបរ ជាយោធា ស្នាក់នៅផ្ទះលេខ១០ c ផ្លូវលេខ១០២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធា នីភ្នំពេញ ។

មន្រ្តីយោធារូបនោះត្រូវបានកម្លាំងសមត្តកិច្ចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សង្ស័យផ្ទុះអាវុធបណ្តាលឲ្យរងរបួសដល់មនុស្ស២នាក់ ម្នាក់ជាកូន និងម្នាក់ជាប្អូនថ្លៃ។រហូតមកដល់ព្រឹកថ្ងៃទី៨ ឧសភា ឆ្នាំ២០២៣ខាងតំណាងអយ្យការកំពុងតែសាកសួរនៅឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា តាមការរៀបរាប់របស់ជនសង្ស័យ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២ ៣ នេះ គាត់បានជិះរថយន្ត១គ្រឿងម៉ាកនីសាន់ព័ណខ្មៅ មកពីចម្ការដែលស្ថិតនៅភូមិតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។

លុះមកដល់ផ្ទះវេលាម៉ោងប្រមាណជាង១០ យប់ ក៏បានឃើញក្រុមគ្រួសារមានការផឹកស៊ីជុំគ្នាជាច្រើននាក់។ ក្នុងនោះមានដន្លង ប្រុស ដន្លងស្រី កូនប្រុសបង្កើត កូនប្រសាស្រី និងប្អូនថ្លៃ ព្រម ទាំងប្រពន្ធរបស់ខ្លួន(ជនសង្ស័យ)នៅទីនោះផងដែរ ។

សមត្ថកិច្ចបានអះអាងថា ជនសង្ស័យបានយកកាំភ្លើងខ្លីម៉ាកកា៥៤ មកបាញ់គំរាម ហើយត្រូវប្អូនថ្លៃចូលទៅឃាត់ តែទោះជាយ៉ាងណាជនសង្ស័យ បានផ្ទុះអាវុធចំនួន៤គ្រាប់ បណ្តាលឲ្យកូនប្រុស និងប្អូនថ្លៃរងរបួសជាទម្ងន់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមន្ត្រីយោធាជាឪពុកត្រូវសមត្ថកិច្ចចុះទៅចាប់ខ្លួន ។

រហូតដល់ព្រឹកថ្ងៃទី៨ ខែឧសភា ២០២៣នេះសំណុំរឿងខាងលើគឺតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែបើកការស៊ើបសួរនៅឡើយ ៕