ចំណេះដឹង

អ្នកផឹកស្រានិងអ្នកជក់បារីច្រើនសូមប្រយ័ត្នមហារីកបំពង់កផង

ជំងឺមហារីកបំពង់ក គឺកើតមានច្រើនចំពោះបុរសជាងស្ត្រី ដោយសារការជក់បារី និងការផឹកស្រាគឺជាហានិភ័យខ្ពស់ចំពោះជំងឺមហារីកបំពង់ក។

មនុស្សជាច្រើនប្រហែលជាជក់បារី និងផឹកស្រាអស់រយៈពេលយ៉ាងយូរ តាំងពីក្មេងជំទង់ តែវាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។ ការពិត វាមានការវិវត្តយឺត ហើយរោគសញ្ញា​នឹងលេចមកពេលក្រោយ ក្នុងអំឡុងពេលវ័យកណ្តាល ដែលអាចក្លាយជាជំងឺមហារីក។ តើយើងដឹងថាយើងមានរោគសញ្ញាទាំងនោះដែរឬទេ?

វេជ្ជបណ្ឌិត Chantima Arayangkun អ្នកឯកទេសនៅមជ្ឈមណ្ឌលវះកាត់ផ្នែកក្បាល និងក ​នៃមន្ទីរពេទ្យផះយ៉ាថៃ 2 បានផ្តល់ការពន្យល់អំពីជំងឺមហារីកបំពង់ក។

  • រោគសញ្ញានៃជំងឺមហារីកបំពង់ក

1 ស្អកកជាប់ជាប្រចាំ

2 ពិបាកក្នុងការលេប ឈឺនៅពេលលេប

3 ពិបាកដកដង្ហើម ក្នុងករណីធ្ងន់ធ្ងរ។

  • ការធ្វើរោគវិនិច្ឆ័យ

ប្រសិនបើអ្នកមានរោគសញ្ញា ដែលបង្ហាញថាអ្នកអាចមានជំងឺមហារីកបំពង់ក។ ការធ្វើរោគវិនិច្ឆ័យ វេជ្ជសាស្ត្រនឹងត្រូវបានអនុវត្តដូចខាងក្រោម៖

  1. ការពិនិត្យត្រចៀក ច្រមុះ និងបំពង់ក
  2. ការថតឆ្លុះ​ដើម្បី​ពិនិត្យរកមើលភាពមិនប្រក្រតី ប្រសិនបើដុំសាច់ត្រូវបានរកឃើញ គំរូកោសិកានឹងត្រូវបានយកចេញដើម្បីពិនិត្យថាតើវាជាកោសិកាមហារីកឬទេ។
  3. ប្រសិនបើអ្នកជំងឺមានដុំពកនៅក ឬបំពង់ក វានឹងត្រូវបានច្រឹបយកចេញដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។
  4. ការពិនិត្យសុខភាពរាងកាយ
  5. ការធ្វើតេស្តឈាម
  6. ការធ្វើតេស្តរូបភាព X-Ray ដើម្បីកំណត់ដំណាក់កាលនៃជំងឺ
  • ការព្យាបាលជំងឺមហារីកបំពង់ក
  1. ដំណាក់កាលដំបូងនៃជំងឺមហារីក – ប្រើការព្យាបាលដោយកាំរស្មីវិទ្យុ​ ឬការវះកាត់ដើម្បីព្យាបាលជំងឺមហារីកខណៈពេលដែលរក្សា​បំពង់ក ដូច្នេះអ្នកជំងឺនៅតែអាចនិយាយ និងដកដង្ហើមបានធម្មតា។
  2. មហារីកបំពង់កកម្រិតខ្ពស់ (ដំណាក់កាល III-IV) – ការវះកាត់ ត្រូវបានអនុវត្តដើម្បីយកចេញដើមបំពង់ក ឬដុំកូនកណ្តុរនៅក។ បនា្ទ​ប់ពីការដកចេញដើមបំពង់ក ឬបំពង់សំឡេង អ្នកជំងឺមិនអាចនិយាយ ឬដកដង្ហើមបានធម្មតាទេ។ ដើម្បីជួយអ្នកជំងឺដកដង្ហើម​ ចន្លោះមួយ (ប្រហោង) ត្រូវបានដាក់នៅក ដែលជាប់នឹងបំពង់ខ្យល់។ អ្នកជំងឺនឹងរៀននិយាយឡើងវិញ ពាក់ព័ន្ធនឹងការនិយាយបំពង់អាហារ និងបំពង់កសិប្បនិម្មិត។ ក្នុងដំណាក់កាលនេះ ការព្យាបាលដោយប្រើគីមី រួមជាមួយវិទ្យុសកម្មអាចជួយបង្កើនអត្រាព្យាបាល។
  • ផលប៉ះពាល់នៃជំងឺមហារីកបំពង់ក
  1. បើសិនជាជំងឺមហារីកបំពង់កមិនត្រូវបានព្យាបាលរយៈពេលយូរ អ្នកជំងឺនឹងមិនអាចដកដង្ហើមបានទេដោយសារតែដុំសាច់ដែលរាំងស្ទះបំពង់ខ្យល់។ បន្ទាប់មកវាចាំបាច់ត្រូវធ្វើការវះកាត់ចោះរន្ធ នៅពីមុខកដើម្បីឱ្យមានការដកដង្ហើម ហើយប្រសិនបើអ្នកជំងឺមិនអាចទៅដល់មន្ទីរពេទ្យបានទាន់ពេលវេលានោះ អ្នកជំងឺអាចនឹងត្រូវស្លាប់។
  2. ជំងឺមហារីកអាចរាលដាលទៅដល់សរីរៈដទៃទៀតដូចជាបំពង់អាហារ គល់អណ្ដាត និងបំពង់ខ្យល់ជាដើម។ ការហូរឈាមកើតឡើង; ហើយអ្នកជំងឺមិនអាចបរិភោគ ​ ឬដកដង្ហើមដែលអាចនាំអោយស្លាប់។ មហារីកក៏អាចឆ្លងរាលដាលទៅដល់សួត ឆ្អឹង និងថ្លើម។
  • តើធ្វើដូចម្តេចដើម្បីថែទាំខ្លួន​ ចៀសពីជំងឺមហារីកបំពង់ក?
  1. វិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកបំពង់ក គឺ​កាត់បន្ថយហានិភ័យ។ ចៀសវាងការជក់បារី និងផឹកស្រា​ ក៏ដូចជាការថែទាំខ្លួនឱ្យបានល្អ។
  2. បើមានសញ្ញាណ ឬរោគសញ្ញាណ ដូចជាក្អក ឈឺក ពិបាកដកដង្ហើម មកជួបពេទ្យ។ កុំរង់ចាំយូរ ឬប្រើប្រាស់ថ្នាំដោយខ្លួនអ្នក ព្រោះយើងមិនដឹងថាវាអាចជារោគសញ្ញានៃជំងឺមហារីកបំពង់ក ឬអត់នោះទេ៕

អត្ថបទ៖ មន្ទីរពេទ្យផះយ៉ាថៃ 2