អន្តរជាតិ

ព្រះចៅ Charles III បានឡើងគ្រងរាជ្យនៅចក្រភពអង់គ្លេសជាផ្លូវការលើកដំបូងក្រោយរយៈពេល ៧០ ឆ្នាំ

ដោយ៖សហការី

 សារព័ត៌មាន ស៊ីនហួ ប្រចាំ ទីក្រុងឡុងដ៍ បានរាយការណ៏ថា កាលថ្ងៃទី ៦ ខែឧសភា ស្តេច Charles III បានឡើងគ្រងរាជ្យជាផ្លូវការហើយកាលពីថ្ងៃសៅរ៍នេះ នៅចក្រភពអង់គ្លេស និងសម្រាប់អាណាចក្រ Commonwealth ១៤ ផ្សេងទៀត នេះជាពិធីអភិសេកឡើងគ្រងរាជ្យជាលើកដំបូងរបស់ចក្រភពអង់គ្លេសបើគិតចាប់តាំងពីឆ្នាំ ១៩៥៣ នៅ Westminster Abbey ដែលប្រារពឡើងនៅទីក្រុងឡុង។

ពិធីឡើងសោយរាជរាជ្យត្រូវបានគេរៀបចំឡើងអស់រយៈពេលជាងពីរម៉ោងដោយមានរៀបជាពិធីការតាមដំណាក់កាលនិមួយៗ រួមទាំងការទទួលស្នងរាជបល័្លង្ក ការស្បថសច្ចាប្រណិធាន និងការឡើងគ្រងរាជ្យដោយមានបំពាក់ម្កុដជាការបញ្ចប់ពិធីអភិសេកឡើងគ្រងរាជ្យ។

នៅវេលាម៉ោង ១២:០២ រសៀល (1102 GMT) ស្តេច Charles III ត្រូវបានគេប្រកាសជាផ្លូវការក្នុងការឡើងគ្រងរាជ្យរបស់ព្រះអង្គដោយអាចារ្យបរោហិតនៃទីក្រុង Canterbury Justin Welby បានបំពាក់ម្កុដរាជSt Edward’s Crown លើព្រះកេសរបស់ព្រះមហាក្សត្រ។ ក្រុមជំនុំបានច្រៀងចំរៀងក្រោយមកកណ្តឹងនៅព្រះវិហារប្រវត្តិសាស្ត្រក៏បានបន្លឺឡើង សំឡេង​ត្រែផ្លុំក៏​បាន​បន្លឺ​ឡើងផងដែរ ការ​ប្រារព្ធ​​ពិធីអបអរក៏បានប្រព្រឹត្តទៅដោយមានកាបាញ់​កាំភ្លើង​​។

ព្រះចៅ Charles III មានព្រះជន្ម ៧៤ ព្រះវស្សា បានឡើងសោយរាជ្យក្រៅផ្លូវការនៅខែកញ្ញាឆ្នាំមុន បន្ទាប់ពីការសោយទិវង្គត់របស់ព្រះវរមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Elizabeth II ។

ព្រះអគ្គមហេសី Camilla ក៏ត្រូវបានអភិសេកគ្រងរាជ្យកាលពីថ្ងៃសៅរ៍នៅក្នុងពិធីដ៏សាមញ្ញជាងនេះផងដែរ ខណៈដែលព្រះនាងត្រូវបានបំពាក់ម្កុដក្នុងថានៈជាព្រះអគ្គមហេសីMary’s Crown។

ព្រះចៅ Charles III និងអគ្គមហេសី Camilla នឹងត្រូវដង្ហែព្រះរាជដំណើរយាងត្រឡប់ទៅវិមាន Buckingham តាមផ្លូវ Westminster Abbey ដែលជាផ្លូវដូចគ្នានឹងការដង្ហែព្រះអង្គកាលពីព្រឹកដោយមានអ្នកធ្វើគាវរកិច្ចរាប់ពាន់នាក់តម្រង់ជួរតាមដងផ្លូវ៕