អន្តរជាតិ

រុស្ស៊ីផ្ទុះកំហឹងកោះហៅមន្រ្តីទូតប៉ូឡូញ ក្រោយសាលាស្ថានទូតរុស្ស៊ីត្រូវបានរឹបអូសនៅប៉ូឡូញ

រុស្ស៊ីផ្ទុះកំហឹងកោះហៅមន្រ្តីតំណាងទូតប៉ូឡូញឲ្យចេញបកស្រាយ និងចាត់វិធានការ ក្រោយអាជ្ញាធរប៉ូឡូញបានចុះរឹបអូសាលាស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាសូវីកាលពីចុងសប្តាហ៍កន្លងទៅ។

រហូតមកដល់ថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការបរទេសរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងមិនចាំយូរក្នុងការឆ្លើយតបដ៏ត្រឹមត្រូវនឹងជំហានរបស់ប៉ូឡូញឡើយ”។ រុស្ស៊ី​បាន​ហៅទង្វើរបស់ប៉ូឡូញ​ថា​ជា​ការ​រឹបអូស​ដោយ​ខុសច្បាប់ហើយនិងបានកោះហៅភារធារីប៉ូឡូញឲ្យបកស្រាយឲ្យច្បាស់លាស់។ “ទង្វើមិនត្រឹមត្រូវរបស់ក្រុងវ៉ាសូវីដែលហួសពីក្របខ័ណ្ឌនៃការទំនាក់ទំនងរវាងរដ្ឋស៊ីវិល័យ នឹងមិនអាចព្រងើយកន្តើយបានទេ យើងនឹងផ្តល់ផលវិបាកចំពោះអាជ្ញាធរប៉ូឡូញ ក៏ដូចជាផលប្រយោជន៍របស់ប៉ូឡូញនៅក្នុងប្រទេសរុស្ស៊ី”។ ភាពប្រទាំងប្រទើសនេះកើតឡើង បន្ទាប់ពីថ្ងៃសៅរ៍ នៅពេលដែលអាជ្ញាធរប៉ូឡូញបានរឹបអូសអគារសាលាស្ថានទូតរុស្ស៊ី ដោយបានលើកហេតុផលថា រុស្ស៊ីកំពុងកាន់កាប់ទ្រព្យសម្បត្តិរដ្ឋរបស់ប៉ូឡូញដោយខុសច្បាប់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញបាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋអាជ្ញាប៉ូឡូញបានរឹបអូសប្រាក់យ៉ាងច្រើនពីគណនីធនាគារ ដែលបង្កករបស់ស្ថានទូតរុស្ស៊ី និងបេសកកម្មពាណិជ្ជកម្ម។

ចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែនមក ទំនាក់ទំនងរវាងរុស្ស៊ី និងប៉ូឡូញ ហាក់ដូចជាកាន់តែអាក្រក់ឡើងៗ។ ទីក្រុងវ៉ាសូវី​បាន​ដាក់​ខ្លួន​ឯង​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏រឹងមាំ​បំផុត​មួយ​របស់​គៀវ ប្រឆាំងនឹងរុស្ស៊ី។ ប៉ូឡូញបានគាំទ្រយ៉ាងខ្លាំងបំផុតលើជំនួយយោធាដល់ទីក្រុងគៀវ រួមទាំងការបញ្ជូនរថក្រោះធុនធ្ងន់ និងយន្តហោះចម្បាំង៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា