សន្ដិសុខសង្គម

បុរសម្នាក់ដុតផ្ទះឳពុកម្តាយឆេះអស់ទំហំខូចខាតប្រមាណ៥ម៉ឺនដុល្លារ

បាត់ដំបង៖បុរសងប់ងុលនឹងគ្រឿងញៀនម្នាក់បានវង្វេងស្មារតី ដុតផ្ទះរបស់ឳពុកម្តាយខ្លួនឯងឱ្យឆេះអស់​បង្កការខូចខាតអស់ប្រមាណ៥ម៉ឺនដុល្លារអាម៉េរិក។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថា ករណីអគ្គិភ័យនេះ​បានកើតឡើងក្នុងភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែឧសភា។ជនបង្កឈ្មោះស៊ិន កក្កដា អាយុ៣៣ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះរស់នៅក្នុងបន្ទុកគ្រួសារជាមួយគ្នានៅក្នុងភូមិ ឃុំខាងលើ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនបង្កបានព្យាយាមរករឿងឈ្លោះជាមួយឳពុកម្តាយ រហូតចុងក្រោយបានយកដែកកេះទៅដុតផ្ទះបណ្តាលឱ្យឆេះអស់ជាន់ខាងលើក៏ភ្ញាក់ផ្អើលត្រូវសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ពុំនោះទេអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរច្រើនជាងនេះ។

ជនរងគ្រោះឈ្មោះគាត សុខ អាយុ៦១ ឆ្នាំ និងប្រពន្ធឈ្មោះណាំ ស្រី អាយុ៦១ ឆ្នាំ។ផ្ទះដែលរងការបំផ្លិចបំផ្លាញធ្វើពីឈើ២ជាន់ ប្រក់ស័ង្កសីមានទំហំ៦គុណ១១ម៉ែត្រ ខូចខាតអស់ផ្នែកល្វែងលើ។ ដោយឡែកសម្ភារដែលប៉ះពាល់ មានខ្សែក គ្រែតុ ទូ និងសម្ភារផ្សេងៗជាច្រើនទៀត សរុបជាទឹកប្រាក់អស់ប្រមាណ៥ម៉ឺនដុល្លារ៕ដោយ: ព្រះអង្គខ្មៅ