សន្ដិសុខសង្គម

រន្ទះបាញ់សម្លាប់ក្មេង២នាក់, របួសធ្ងន់ម្នាក់ក្នុងស្រុករុក្ខគិរី

បាត់ដំបង៖ខ្យល់កន្ត្រាក់បង្កជារន្ទះបាញ់ បានបណ្តាលឲ្យក្មេងជាបងប្អូនបង្កើតចំនួន ២នាក់ ស្លាប់ និងរបួសធ្ងន់ ១នាក់នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។

អាជ្ញាធរបានប្រាប់ឲ្យដឹងថា បាតុភូតបង្កឡើងដោយធម្មជាតិនេះបានកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃុំព្រៃត្រឡាច និងឃុំព្រៃត្រឡាច ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ករណីទី១ បានកើតឡើងក្នុងភូមិចុងពោធិ៍ ឃុំព្រៃត្រឡាច បណ្តាលឲ្យកុមារចំនួន២នាក់ បានស្លាប់ភ្លាមៗពេលកំពុងបេះផ្លែព្រីងក្បែរភូមិ។ កុមាររងគ្រោះមានឈ្មោះនិត ប្រុសនុត ភេទប្រុស អាយុ០៨ ឆ្នាំ និងម្នាក់ទៀតឈ្មោះនិត ប្រុសនុន  អាយុ១០ឆ្នាំ ទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា។

ដោយឡែកករណីទី២ បានកើតឡើងនៅក្នុងភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជនរងគ្រោះត្រូវរន្ទះបាញ់បណ្តាលអោយសន្លប់ធំ ខណៈកំពុងដេញគោចូលក្រោលក្រោមមេឃកំពុងភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង រងការប៉ះពាល់សន្លប់ធ្ងន់ធ្ងរ ប៉ុន្តែដឹងខ្លួនឡើងវិញក្រោយពេលដែលបានបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីដើម្បីសង្គ្រោះ៕

ដោយ៖ ព្រះអង្គខ្មៅ