ព័ត៌មានជាតិ

ស្រ្តីមានផ្ទៃពោះជាង៧.០០០នាក់នៅខេត្តកំពង់ចាមទទួលបានប្រាក់គាំពារសង្គម

ដោយ៖ គង់ហេង

កំពង់ចាម៖ចាប់តាំងពីរាជរដ្ឋាភិបាលផ្តល់សាច់ប្រាក់គាំពារសង្គម ដល់ស្រ្តីមានគ័ភ៌(ផ្ទៃពោះ) និងកុមារអាយុក្រោម ២ ឆ្នាំ មកដល់បច្ចុប្បន្នខេត្តកំពង់ចាមមានស្រ្តីចំនួន ៧.៥៤៨ នាក់ ដែលភាគច្រើនជាកម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនានា។

នេះជាការបញ្ជាក់ឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម នៅក្នុងឱកាសដែលលោក បានដឹកនាំសហការីអញ្ជើញចូលរួមសំណេះសំណាលជាមួយកម្មករ កម្មការិនីរោចក្រមេតថេកចំនួន ២.៥០០ នាក់ ក្នុងខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ នៅស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២៩ មេសានេះ។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ក្នុងនោះសម្រាប់តែខេត្តកំពង់ចាម គឺរាជរដ្ឋាភិបាលបានចំណាយសាច់ប្រាក់ប្រមាណជាង មួយលានមួយសែន ដុល្លារអាមេរិក ចុះល្មមទូទាំប្រទេស គឺច្រើនសម្បើមណាស់ ដែលនេះបានបញ្ជាក់ពីការគោរពស្រឡាញ់ ដោយចង់ឱ្យក្មួយៗ ប្អូនស្រីទាំងឡាយមានសុខភាពល្អ នៅពេលមានគ័ភ៌ និងសម្តេចតេជោមិនចង់ឱ្យមានបញ្ហានៅពេលសម្រាល។

លោកបានបន្ថែមថានៅពេលឃើញមានបញ្ហាសម្រាលម្តងៗ មាតាខ្វះជីវជាតិ ខ្វះអាហារូបត្ថម្ភ ខ្វះប្រូតេអ៊ិន ប្រឈមនឹងការខ្សោយនាំឱ្យពិបាកក្នុងការសម្រាល បណ្តាលឱ្យមានការវះកាត់ជាដើម ធ្វើឱ្យធ្លាក់បន្ទុកក្នុងការចំណាយខ្ពស់។ អ៊ីចឹងទេយើងចាប់ធ្វើការប្រើថ្នាំ និងអាហារគ្រប់គ្រាន់ គាំពារអប់រំឱ្យចេះ ថែរក្សាសុខភាពបានល្អ គឺនៅពេលសម្រាលមានសុវត្ថិភាពទាំងម្តាយ និងទារក។

លោកបានបន្តថា៖ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ចង់ឱ្យលើកកម្ពស់សុខុមាលភាពសង្គមលើសុខភាពស្រ្តីទាំងឡាយមានគ័ភ៌(ផ្ទៃពោះ)នោះ ប្រកបដោយសុខភាពមាំមួន បញ្ចៀសបានបញ្ហាគ្រោះថ្នាក់ នៅពេលសម្រាល៕