សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យប្រើកាំភ្លើងបាញ់ក្រុមគ្រួសារឱ្យស្លាប់២នាក់ទៅតុលាការ

កំពត៖ ព័ត៌មានបន្ថែមករណីសង្ស័យផ្តើមចេញពីគំនុំ និងឥទ្ធិពលគ្រឿងញៀន ដែលបុរសម្នាក់ប្រើកាំភ្លើងវែង បាញ់ក្រុមគ្រួសារឱ្យស្លាប់២នាក់ រួចបាញ់ខ្លួនឯងតែមិនស្លាប់ ត្រូវបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា ហេតុការណ៍នោះស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី២៧ ខែមេសា។ បន្ទាប់ពីមានករណីបាញ់ប្រហារកើតឡើង លោកបានបញ្ជាកម្លាំងនគរបាលខេត្ត និងនគរបាលស្រុកអង្គរជ័យចុះដល់ទីតាំងភ្លាមៗ។

ពេលទៅដល់ផ្នែកជំនាញបានពិនិត្យឃើញថា ជនសង្ស័យឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ នៅភូមិ-ឃុំខាងលើបានបាញ់ទៅលើបងថ្លៃស្រីជាគ្រូបង្រៀននិងបងជីដូនមួយរបស់ខ្លួនឱ្យស្លាប់។ជនល្មើសបាញ់ដោយប្រើកាំភ្លើងម៉ាកRPKជាច្រើនគ្រាប់ ហើយក៏បានបាញ់ខ្លួនឯង១គ្រាប់ចំដើមទ្រូង ប៉ងធ្វើអត្តឃាតតែមិនស្លាប់គឺរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះសិន។

ស្ត្រីបាត់បង់ជីវិតទាំង២នាក់-ឈ្មោះ នួន សុខា អាយុ៤២ឆ្នាំ ជាគ្រូបង្រៀននៅភូមិ-ឃុំខាងលើចំ២គ្រាប់ស្លាប់ភ្លាម ត្រូវជាបងជីដូនមួយជនសង្ស័យ។ឈ្មោះ អៀង ស៊ុន អាយុ៤៧ឆ្នាំ ចំ២គ្រាប់ បានស្លាប់ ហើយត្រូវជាបងថ្លៃជនល្មើស។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា មូលហេតុដោយសារជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយនិងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ