សន្ដិសុខសង្គម

តុលាការឱ្យឃុំខ្លួនអភិបាលរងក្រុងបូកគោម្នាក់ពីបទវាយប្រពន្ធឱ្យរងរបួស

កំពត៖តុលាការខេត្តកំពត ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន​អភិបាលរងក្រុងបូកគោម្នាក់ពីបទវាយប្រពន្ធឱ្យរងរបួស។

ដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៥៩១/២៣ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ មានខ្លឹមសារថា៖ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវនាំជនត្រូវចោទឈ្មោះ គឹម បញ្ញា អាយុ៣១ឆ្នាំនៅភូមិអណ្ដូងខ្មែរ ក្រុង/កំពត ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៥ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ តាមបណ្ដឹងស្ត្រីជាប្រពន្ធឈ្មោះម៉ាត់ លក្ខិណា ករណីប្រើហិង្សា។ ឈ្មោះម៉ាត់ លក្ខិណា បានរៀបរាប់លើហ្វេសប៊ុកមានខ្លឹមសារថា៖ “នាងនិងប្តីឈ្មោះ គឹម បញ្ញា បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០១៩ ។នាងទទួលក្តីឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្តនូវអំពើហិង្សាម្តងហើយម្តងទៀត។កន្លងមកគឹម បញ្ញា ធ្លាប់ធ្វើកិច្ចសន្យាថាឈប់ប្រើហិង្សាលើនាងទៀតហើយ។ប៉ុន្តែការវាយដំនៅតែកើតមានរហូតធ្វើឱ្យនាងឆ្អែតចិត្ត”។

បន្ទាប់មកលោកស្នងការនគរបាលខេត្តកំពតបានកោះហៅលោក គឹម បញ្ញា ឱ្យចូលបំភ្លឺជាបន្ទាន់។សមត្ថកិច្ចក៏បានឃាត់ខ្លួនអភិបាលរងក្រុងបូកគោរូបនោះ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃទី២៧ ខែមេសា៕ដោយ៖កំចាយ